ម៉ាឡេស៊ីបង្ហាញជំហរគាំទ្រការបង្កើនភាពបៃតងនៅកម្ពុជា ដោយឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានចាប់អារម្មណ៍ យុទ្ធនាការ«ពន្លកបៃតង» របស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញ ដើម្បីជំរុញចលនាបណ្តុះ និងកាចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំឱ្យបានច្រើនជារៀងរាល់ឆ្នាំនៅកម្ពុជា។

ការថ្លែងពីការចាប់អារម្មណ៍របស់ឯកអគ្គរាជទូតម៉ាឡេស៊ី ក្នុងឱកាសអញ្ជើញធ្វើទស្សនកិច្ច នៅថ្នាលបណ្តុះកូនឈើថ្នាលតំបន់ របស់ក្រសួងបរិស្ថាន ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។
លោកបានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន បានបង្កើតជាថ្នាលបណ្តុះកូនឈើខ្នាតតំបន់មួយចំនួនបន្ថែមទៀត ដែលសង់ឡើងដោយមានហេដ្ឋារចនាសម្ព័ន្ធ ថ្នាល់បណ្តុះកូនឈើ សង់ឡើងជាជួរ មានសោភ័ណភាព និងមានការគ្រប់គ្រងប្រកបដោយនិរន្តរភាព ជាពិសេសបានបំពាក់ប្រព័ន្ធស្រោចស្រព ដោយការប្រើប្រាស់ថាមពលសូឡា។ លើសពីនេះ លោកបានបញ្ជាក់ អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងម៉ាឡេស៊ី-កម្ពុជា និងបំណងគាំទ្រចែករំលែកជំនាញ និងធនធានជួយដល់វិស័យបរិស្ថាន។
ជាមួយគ្នានោះ លោកក៏បានបញ្ជាក់ថា ម៉ាឡេស៊ីមានបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបរិស្ថានរួមគ្នា ដោយក្នុងនោះមានការចែករំលែកបទពិសោធន៍ជំនាញ និងបច្ចេកទេស ដើម្បីឱ្យការបណ្តុះកូនឈើ បានច្រើ់នបន្ថែមទៀត។

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានដាក់ចេញស្របនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានជំរុញឱ្យក្រសួងបរិស្ថាន ដាក់ចេញយុទ្ធនាការ«ពន្លកបៃតង» ដើម្បីជំរុញឱ្យមានការចូលរួមដាំដើមឈើឱ្យបានច្រើន ដើម្បីបង្កើនគម្របព្រៃ និងឆ្ពោះទៅកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការបណ្តុះគំនិត «ពន្លកបៃតង» ដើម្បីជំរុញការបណ្តុះកូនឈើ នៅតាមថ្នាល របស់មន្ទីរបរិស្ថានទូទាំងប្រទេស និងបង្កើតថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន៥កន្លែងធំៗ រួមមាន នៅខេត្តត្បូងឃ្មុំ ខេត្តសៀមរាប ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង៕




