សម្តេចតេជោ ហ៊ុន សែន បង្ហាញក្តីសង្ឃឹមថា កម្ពុជានឹងក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីច្រើងជាងគេលើពិភពលោក

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានដាក់ក្តីរំពឹងខ្ពស់ថា កម្ពុជានឹងក្លាយជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក នាពេលអនាគត ខណៈមកដល់ពេលបច្ចុប្បន្នកម្ពុជា មានការនាំចេញគ្រាប់ស្វាយចន្ទី មានចំនួនច្រើនជាងប្រទេសកូឌីវ័រ រួចស្រេចទៅហើយ។ ការថ្លែងបង្ហាញក្តីសង្ឃឹមបែបនេះរបស់សម្តេចតេជោធ្វើឡើងក្នុងពិធីបើកកម្មវិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ កាលយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “មកដល់ពេលបច្ចុប្បន្ននេះ ការនាំចេញគ្រប់ស្វាយចន្ទី ពីកម្ពុជាទោកាន់ទីផ្សារអន្តរជាតិ គឺបានទៅហួសប្រទេសកូឌីវ័រ ដែលមានត្រឹម ១លាន ១សែនតោន ឥឡូវយើងមាន ១លាន ១៨ម៉ឺនតោនរួចស្រេចទៅហើយ”។

ក្នុងឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិមានចំនួន៦៧ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួន ១ ០៧៧លានដុល្លា ថយចុះ ៣៤.៦៥ភាគរយ។ នេះបើតាមទិន្នន័យពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។

ទិន្នន័យដដែលបង្ហាញថា ប្រទេសដែលនាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជា មានជាអាថិ៍៖ ប្រទេសវៀតណាម ជប៉ុន និងចិន ខណៈប្រទេសផ្សេងៗទៀតក៏កំពុងតែសម្លឹងមើលឱកាសក្នុងការនាំចូលគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ទីផ្សារប្រទេសខ្លួនដែរ។

រដ្ឋាភិបាលកម្ពុជាថ្មីៗនេះបានអនុម័តសេចក្ដីព្រាង «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» ក្នុងគោលបំណងជំរុញកំណើនកសិពាណិជ្ជកម្មដោយអភិវឌ្ឍន៍ផលិតកម្ម កែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែង។ ការសម្រេចនេះធ្វើឡើងនៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

សេចក្ដីព្រាង «គោលនយោបាយជាតិ ស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧» ដែលមាន ៧ ផ្នែក និងឧបសម្ព័ន្ធចំនួន ២ មានគោលដៅចម្បងចំនួន ៣ រួមមាន បង្កើនទិន្នផលនៃការផលិតស្វាយចន្ទីដែលមានគុណភាព ជំរុញការធ្វើឧស្សាហូបនីយកម្មដោយប្រមូលនិងកែច្នៃស្វាយចន្ទីឱ្យសម្រេចបាន២៥ភាគរយ នៅឆ្នាំ២០២៧ និងយ៉ាងតិច៥០ភាគរយ នៅឆ្នាំ២០៣២ និងជំរុញការនាំចេញ តាមរយៈការធ្វើពិពិធកម្មទីផ្សារ ឬការពង្រីកទីផ្សារ ការផ្សារភ្ជាប់អន្តរវិស័យក្នុងការនាំចេញ កិច្ចសម្រួលពាណិជ្ជកម្ម ការកាត់បន្ថយថ្លៃដើម ជាដើម៕