ក្រសួងកសិកម្ម ជំរុញសហគមន៍ទំនើបនៅសៀមរាប ពិនិត្យលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូកគូលែន

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យសហគមន៍ទំនើបនៅសៀមរាប ពិនិត្យលទ្ធភាពក្នុងការចិញ្ចឹមមាន់ស្រែ និងជ្រូកគូលែន ខណៈផលិតផលទាំងពីរនេះ កំពុងតែមានទីផ្សារខ្ពស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមប្រសាសន៍របស់លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពេលអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ទំនើបស្វាយចន្ទីភ្នំគូលែន នៅឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប កាលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥។

នាឱកាសនោះ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងថា ការប្រើប្រាស់ពូជប្រពៃណី ក៏មានលក្ខណៈពិសេសដាច់ដោយឡែកផងដែរ ដែលជាប្រភេទស្វាយចន្ទីមិនប្រើប្រាស់ជីគីមី អាចកែច្នៃលក់ចេញឱ្យភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិនៅនឹងទីតាំង អាចទទួលបានប្រាក់ចំណូល និងតម្លៃបន្ថែមកម្រិតខ្ពស់។

ទន្ទឹមគ្នានេះ លោករដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ណែនាំដល់សហគមន៍ ពិនិត្យលទ្ធភាពក្នុងការចិញ្ចឹមមាន់ស្រែ និងជ្រូកគូលែន ដែលមានតម្រូវការទីផ្សារល្អ សម្រាប់ជាប្រភពចំណូលមួយបន្ថែមទៀត។

សូមជម្រាបដែរថា កាលពីពេលកន្លងទៅ ក្រសួងបរិស្ថាន ធ្លាប់បានលើកឡើងដែរថា ដើម្បីចូលរួមចំណែកពង្រឹងសេដ្ឋកិច្ច ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមតំបន់សហគមន៍ ការពារធនធានជាតិនានា នៅទូទាំងប្រទេសកម្ពុជា, ក្រសួងបរិស្ថាន បានខិតខំបង្កើតមុខរបរថ្មីៗជាច្រើន ក្នុងន័យផ្លាស់ប្តូរមុខរបរចាស់ ចូលព្រៃកាប់ឈើ បរបាញ់សត្វ ក្នុងនោះក្រសួងកំពុងសិក្សាបង្កាត់ ជ្រូកគូលែន ដែលជាប្រភេទជ្រូកកំពុងមានទីផ្សារ និងមានតម្លៃថ្លៃ សម្រាប់ចែកជូនដល់ប្រជាសហគមន៍ចិញ្ចឹមផងដែរ៕ អត្ថបទ៖ហ្សាលីន