ទីក្រុងហុងហឺ និងរាជធានីភ្នំពេញ ជម្រុញបង្កើនវិស័យទេសចរណ៍រួមគ្នា

សង្គម​និង​សេដ្ឋកិច្ច

ទីក្រុងហុងហឺ ខេត្តយូណាន នៃសាធារណៈប្រជាមានិតចិន និងរាជធានីភ្នំពេញ ជម្រុញបង្កើនវិស័យទេសចរណ៍រួមគ្នា ដើម្បីធ្វើឱ្យសេដ្ឋកិច្ចប្រទេសទាំងពីរ រីកចម្រើនមួយកម្រិតថែមទៀត។ការជម្រុញរបស់ភាគីទាំងពីរ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី លូ ភីង អភិបាលនៃរដ្ឋាភិបាលប្រជាជនទីក្រុងហុងហឺ ខេត្តយូណាន នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះ លោក ឃួង ស្រេង ចង់ឱ្យប្រជាពលរដ្ឋនៅទីក្រុងហុងហឺ នៃខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន មកទេសចរណ៍នៅកម្ពុជាឲ្យបានច្រើន ដោយលោក លើកឡើងថា កម្ពុជាមានតំបន់ទេសចរណ៍ច្រើន មានប្រាសាទបុរាណ នៅតាមខេត្ត ពិសេស នៅខេត្តសៀមរាប ហើយនៅរាជធានីភ្នំពេញ ក៏ជាតំបន់ដែលមានសក្តានុពលខាងផ្នែកទេសចរណ៍ផងដែរព្រោះជាទីក្រុងដែលមានវ័យចំណាស់ និងជាទីក្រុងដែលស្ថិតនៅចំមុខទន្លេមុខបួនថែមទៀត។

ជាការឆ្លើយតប លោកស្រី លូ ភីង បានមើលឃើញថា នៅកម្ពុជាមានតំបន់ទេសចរណ៍ច្រើន លោកស្រី នឹងជួយផ្សព្វផ្សាយ ដើម្បីឱ្យពលរដ្ឋចិន ពិសេសប្រជាពលរដ្ឋនៅទីក្រុងហុងហឺ មកលេងនៅប្រទេសកម្ពុជាឱ្យកាន់តែច្រើនឡើង។ជាមួយគ្នានោះ ភាគីទាំងពីរក៏បានជម្រុញ ក៏ដូចជាសហការ ដើម្បីធ្វើឱ្យវិស័យខាងលើមានដំណើរការកាន់តែល្អប្រសើរ។

គួរឱ្យដឹងផងដែរថា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤០ម៉ឺននាក់ នៅក្នុងខែមករា ឆ្នាំ២០២៣នេះ ក្នុងនោះទេសចរចិនមានប្រមាណ ២៥ ០០០នាក់ មានការកើនឡើង៩០០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២៕

អត្ថបទ៖ មុន្នី