កម្ពុជា ទទួលបានរោងចក្រដំឡើងរថយន្តថ្មីមួយបន្ថែមទៀតតម្លៃ ៧,៣លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

រោងចក្រដំឡើងរថយន្ត ISUZU ត្រូវបានដាក់សម្ពោធដំណើរការសង្វាក់ផលិតកម្មរបស់ខ្លួនជាផ្លូវការ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រោងចក្រផ្គុំដំឡើងរថយន្ដថ្មីនេះ គឺត្រូវដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ុ (ISUZU)របស់ក្រុមហ៊ុន K (Cambodia) .,LTDមាន តម្លៃ ៧,៣លានដុល្លារ ហើយរោងចក្រនេះនឹងអាចបង្កើតការងារជូនប្រជាពលរដ្ឋប្រមាណ ១៦៦កន្លែង។

លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចាត់ទុករោងចក្រដំឡើងរថយន្តនេះ គឺជាឧទាហរណ៍មួយឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានសម្រេចឱ្យមានការធ្វើការសិក្សាអំពីរបៀងកំណើនសេដ្ឋកិច្ច រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ កាលពីប្រមាណ២០ឆ្នាំមុន ដោយក្រសួងពាណិជ្ជកម្ម និងអង្គការ JICA របស់ជប៉ុនបាន។

លោកថា វត្តមាននៃគម្រោងវិនិយោគនេះ នៅខេត្តកំពង់ស្ពឺ ក៏ជាជោគជ័យនៃគោលនយោបាយពង្រាយរោងចក្រ នៅតាមបណ្តាខេត្តរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរ។ ជាក់ស្តែង ក្នុងអំឡុងរយៈពេលបីឆ្នាំចុងក្រោយនេះ ប្រមាណ៦០% នៃគម្រោងវិនិយោគ ដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានទីតាំងនៅតាមបណ្តាខេត្តនានា ក្រៅពីខេត្តកណ្តាល និងរាជធានីភ្នំពេញ។

បើតាមលោក សុខ ចិន្តាសោភា  បច្ចុប្បន្នកម្ពុជាមានរោងចក្រដំឡើងរថយន្តដែលជាម៉ាកល្បីៗជាច្រើន ដូចជា Hyundai, Kia, Ssangyong, Soueast, Dongfeng, Ford, និង Toyota ជាដើម។ 

លោកបន្ថែមថា ក្រៅពីរោងចក្រដំឡើងរថយន្ត កម្ពុជាក៏មានការវិនិយោគក្នុងការផលិតគ្រឿងបន្លាស់ និងគ្រឿងបង្គុំរថយន្តជាច្រើនផងដែរ ដូចជារោងចក្រផលិតខ្សែភ្លើងក្នុងរថយន្ត កៅអី ប្រព័ន្ធអគ្គិសនី និងម៉ូទ័រនានានៅក្នុងរថយន្ត។ ជាងនេះទៅទៀត បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តចំនួន ២ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ឈីលូ នៅខេត្តស្វាយរៀង និងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងទុនវិនិយោគសរុបប្រមាណ ៨៧១លានដុល្លារ ដែលនឹងមិនត្រឹមតែផ្តល់ការងារ ដល់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្តល់ទីផ្សារដល់កៅស៊ូកម្ពុជាផងដែរ៕