ដឹងទេថា បេះដូងក្រដាស១លាន ឈរត្រៀបត្រាបង្អួតសម្រស់នៅប្រាសាទអង្គរ មានអត្ថន័យដូចម្តេច?

សង្គម​និង​សេដ្ឋកិច្ច

បេះដូងក្រដាសដែលពលរដ្ឋខ្មែរគ្រប់ទិសទីបានបត់ ត្រូវបានផ្គុំទៅជា «រូបបេះដូងដ៏ធំ» និង «ពាក្យខ្មែរដ៏ធំ» បង្ហាញនៅប្រាសាទអង្គរវត្ត បង្កើនសម្រស់ដ៏ស្រស់បំព្រង នឹងត្រូវប្រកាសលទ្ធផល ត្រៀមបំបែកឯតទគ្គកម្មពិភពលោក នៅថ្ងៃអង្គារទី១១ ខែមេសា ឆ្នាំ២០២៣នេះជាផ្លូវការហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការឱ្យដឹងពីសហភាពសហព័ន្ធយុវជនកម្ពុជា បានឱ្យដឹងថា បេះដូងក្រដាសចំនួន ១លាន ដែលបងប្អូនបានបត់ដោយផ្ទាល់ដៃ គឺជាការបង្ហាញចេញពីទំហំទឹកចិត្ត និងក្ដីស្រលាញ់ ដើម្បីគាំទ្រដល់អត្តពលិកដែលមានពិការភាពនោះ នឹងត្រូវយកទៅធ្វើការបំបែកឯតទគ្គកម្ម «បេះដូងច្រើនជាងគេលើពិភពលោក» នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៤រសៀលតទៅ នៅបរិវេណប្រាសាទអង្គរវត្ត។

ជាមួយគ្នានេះ បើតាមទំព័រហ្វេសប៊ុក របស់យុទ្ធនាការ BeyondTheGames  ក៏បានបង្ហាញដែរថា បេះដូងនីមួយៗ​ ដែលអ្នកបានចូលរួមបត់មានតម្លៃស្មើនឹងថវិកាចំនួន ៥០០ រៀល ដែលថវិកាទាំងនោះនឹងត្រូវបរិច្ចាគដោយដៃគូបរិច្ចាគទាំង៥ របស់យើងទៅកាន់អត្តពលិកដែលមានពិការភាព តាមរយៈគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។ អ្វីដែលពិសេសជាងនេះទៅទៀត ការចូលរួមបត់បេះដូងនេះ បានបង្ហាញអំពី «ភាសាបេះដូង» ដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការសហការគ្នា ដើម្បីគាំទ្រអត្តពលិករបស់យើង។

បេះដូងក្រដាសចំនួន ១លាន ដែលបេះដូងមួយមានតម្លៃស្មើនឹង ៥០០រៀល មិនត្រឹមតែធ្វើឡើងក្នុងគោលបំណងដើម្បីបំបែកឯតទគ្គកម្មពិភពលោកតែមួយមុខប៉ុណ្ណោះទេ តែបេះដូងនេះគឺតំណាងឱ្យបេះដូងខ្មែរដែលលោតព្រមគ្នាក្នុងចង្វាក់តែមួយសម្រាប់បង្ហាញទៅពិភពលោកឱ្យបានឃើញពីស្មារតី និងទំហំចិត្តរបស់ពលរដ្ឋខ្មែរដែលគាំទ្រដល់កីឡាករខ្មែរដែលមានពិការភាព ហើយក៏ដើម្បីអបអរសាទរកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣ផងដែរ។

ពាក់ព័ន្ធ ការត្រៀមបំបែកឯតទគ្គកម្មពិភពលោកនេះនេះ នៅមុននេះបន្តិច ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក៏បានទៅទទួលសូមស្វាគមន៍ តំណាងស្ថាប័ន Guinness World Records ដែលបានមកដល់ក្រុងសៀមរាប នាព្រឹកថ្ងៃ ១១ ខែ មេសា ឆ្នាំ ២០២៣ ដើម្បីត្រួតពិនិត្យ និងរាប់ “បេះដូងច្រើនជាងគេលើពិភពលោក” ដែលតាំងបង្ហាញនៅប្រាសាទអង្គរវត្ត ដើម្បីដាក់បញ្ចូលក្នុងការបំបែកឯតទគ្គកម្ម។

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានបញ្ជាក់ថា នៅសល់ត្រឹមតែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ការបំបែកឯតទគ្គកម្ម “បេះដូងច្រើនជាងគេលើពិភពលោក” នឹងធ្វើឡើងជាផ្លូវការនាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៤រសៀលតទៅ នៅបរិវេណប្រាសាទអង្គរវត្ត ដូច្នេះលោក ក៏សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាដើម្បីជាសក្ខីភាពនៃការបំបែកឯតទគ្គកម្មពិភពលោកនេះថែមទៀត។

គួរបញ្ជាក់ដែរថា នៅឆ្នាំ២០២៣ ដែលចំខួប ១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ក្រៅពីរៀបចំបេះដូងក្រដាសដើម្បីបំបែកឯតទគ្គកម្មពិភពលោក កម្ពុជាក៏បានត្រៀមរាំម៉ាឌីហ្សូនដើម្បីបំបែកឯតទគ្គកម្មពិភពលោក Guiness World Records ម្តងទៀតផងដែរ ដោយកាលឆ្នាំ២០១៥ កម្ពុជាបានរាំម៉ាឌីហ្សូនដែលមានអ្នករាំ ២០១៥នាក់សម្រាប់បំបែកឯកត្តកម្មពិភពលោកម្តងរួចមកហើយ។នេះបើតាមការឱ្យដឹងបន្ថែមពី សហភាពសហព័ន្ធយុវជនកម្ពុជា៕ អត្ថបទ៖ ពិសី