សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនបានអូសជើងអាស៊ានឱ្យដើរយឺតនោះទេ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់ថា មានការយល់ខុសមួយចំនួនថា កម្ពុជា ឬ ប្រទេសចូលថ្មី ដែលមានសេដ្ឋកិច្ចតូច នឹងអូសជើងអាស៊ានឱ្យដើរយឺត ។ តាមពិត ប្រទេសចូលថ្មី មិនបានអូសដំណើរ ពឹងពាក់ ឬ ដណ្តើមផលប្រយោជន៍ពីប្រទេសចូលមុននោះទេ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបាថកថា របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្រោមប្រធានបទ «កម្ពុជា និងអាស៊ាន,អាស៊ាន និងពិភពលោក» កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា បានបញ្ជាក់ថា មានការយល់ខុសមួយចំនួនថា កម្ពុជា ឬ ប្រទេសចូលថ្មី ដែលមាន សេដ្ឋកិច្ចតូច នឹងអូសជើងអាស៊ានឱ្យដើរយឺត ។ តាមពិត ប្រទេសចូលថ្មី មិនបានអូសដំណើរ ពឹង ពាក់ ឬ ដណ្តើមផលប្រយោជន៍ពីប្រទេសចូលមុននោះទេ ។ ដោយសម្តេចបានបង្ហាញតួលេខជាក់ស្តែងថា  នៅពេលដែលអាស៊ានបង្កើតឡើងនៅឆ្នាំ ១៩៦៧ អាស៊ានមានទំហំសេដ្ឋកិច្ចត្រឹមតែ ២៤ ប៊ីលានដុល្លារប៉ុណ្ណោះ ប៉ុន្តែ នៅឆ្នាំ ២០២៤ ផសស របស់អាស៊ាន ១០ ប្រទេស មានរហូតដល់ ៣,៨ ទ្រី លានដុល្លារ ដែលជាសេដ្ឋកិច្ចធំបំផុតទី ៥ នៅលើពិភពលោក ហើយអាចនឹងហក់ឡើងទៅលេខ ៤ នៅឆ្នាំ ២០៣០ ហើយទំហំពាណិជ្ជកម្មទំនិញបានកើនដល់ ៣,៥ ទ្រីលានដុល្លារ ជិតស្មើនឹង ទំហំ ផសស ក្នុងនោះ ២១,៥% ជាពាណិជ្ជកម្មផ្ទៃក្នុងអាស៊ាន ។ រីឯទំហំវិនិយោគបរទេសសរុប មានដល់ទៅ ២២៩.៨ ប៊ីលាន ហើយក្នុងនោះ ៩.៥% គឺជាទុនវិនិយោគផ្ទៃក្នុងអាស៊ាន។

សម្តេចបន្តថា តួលេខនេះ បញ្ជាក់ថា សេដ្ឋកិច្ចអាស៊ានពុំបានដើរថយក្រោយ ដោយសារមានសមាជិកថ្មីនោះទេ ផ្ទុយទៅវិញ ទាំងពាណិជ្ជកម្ម និង វិនិយោគ គឺមានតែការកើនឡើងជាលំដាប់ ហើយអាស៊ានក៏បង្កើនពាណិជ្ជ កម្ម និង វិនិយោគផ្ទៃក្នុងកាន់តែច្រើនឡើងដែរ ។ ប្រទេសនីមួយៗ សុទ្ធតែមានភាពម្ចាស់ការលើ សេដ្ឋកិច្ចរៀងៗខ្លួន ។ បានន័យថា “នំសេដ្ឋកិច្ចអាស៊ាន” (economic pie) មិនបានបាត់បង់ ដោយសារការដណ្តើមពីសមាជិកថ្មីណាមួយនោះទេ គឺទំហំនៃ “នំសេដ្ឋកិច្ចអាស៊ាន” គឺកាន់តែធំ ឡើង ហើយគ្រប់សមាជិកទាំងអស់ សុទ្ធតែអាចទទួលផលប្រយោជន៍ពីកំណើននៃទំហំសេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគ ។ សមាហរណកម្មអាស៊ាន គឺជាគន្លឹះជោគជ័យដ៏ធំបំផុតមួយរបស់អាស៊ាន ដែលធ្វើឱ្យអាស៊ា នកាន់តែមានភាពទាក់ទាញសម្រាប់ពិភពលោក ។

បើតាមសម្តេចតេជោ នៅពេលដែលសេដ្ឋកិច្ចពិភពលោកដើរយឺត ជាមួយនឹងភាពមិនប្រាកដប្រជា អាស៊ាននៅតែអាចមានសន្ទុះសេដ្ឋកិច្ច ៤,៥% នៅឆ្នាំ ២០២៤ និង ៤.៧% នៅឆ្នាំ ២០២៥ ហើយស្ថាប័នពហុភាគីជាច្រើនតែងតែលើកឡើងថា អាស៊ានគឺជា ក្បាលម៉ាស៊ីនដឹកនាំសេដ្ឋកិច្ចមួយ យ៉ាងសំខាន់ផងដែរ៕