ឱកាសវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា កំពុងទាក់ទាញចិត្តអ្នកវិនិយោគចិនកាន់តែខ្លាំង ដោយកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ លោក ឡៅ ងួនអេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ បានអនុញ្ញាតជូនលោក Andy Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន Supernova Think Tank និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងពង្រីកការយល់ដឹងពីបរិយាកាសវិនិយោគ និងត្រៀមលក្ខណៈបើកទំព័រពាណិជ្ជកម្មថ្មីនៅកម្ពុជា។

កិច្ចពិភាក្សាការងារនៅស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ ខេត្តក្វាងទុង នាលោកនេះ បានផ្តោតសំខាន់លើរបៀបវារៈធំៗ រួមមាន នីតិវិធីច្បាប់ និងរដ្ឋបាល ដោយផ្តោតលើការចុះបញ្ជីបង្កើតក្រុមហ៊ុន ការស្នើសុំអាជ្ញាប័ណ្ណពាណិជ្ជកម្ម និងការស្នើសុំវិនិយោគ។ ជាមួយគ្នានោះដែរ ក៏មានការស្វែងយល់ពីយន្តការលើកទឹកចិត្ត តាមរយៈគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ដើម្បីទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ និងអត្ថប្រយោជន៍ផ្សេងៗពីរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការពិភាក្សាពីស្ថានភាពទូទៅនៃសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសន្តិសុខសាធារណៈដែលជាកត្តាគន្លឹះសម្រាប់អ្នកវិនិយោគ។
ក្នុងជំនួបនោះ លោកអនុព័ន្ធពាណិជ្ជកម្ម ក៏បានផ្តល់ព័ត៌មានបឋមយ៉ាងលម្អិត និងបានបង្ហាញពីការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបំណងវិនិយោគរបស់ភាគីចិន។ ជាការឆ្លើយតប លោកនាយកប្រតិបត្តិ Andy Lee បានទម្លាយឱ្យដឹងពីផែនការច្បាស់លាស់មួយ ដោយលោកមានបំណងដឹកនាំប្រតិភូតំណាងក្រុមហ៊ុនចិនជាង ២០ ក្រុមហ៊ុន មកធ្វើទស្សនកិច្ចការងារដោយផ្ទាល់នៅកម្ពុជា នាខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ។

ដើម្បីឱ្យដំណើរទស្សនកិច្ចធុរកិច្ចនេះទទួលបានផ្លែផ្កាខ្ពស់ លោក Andy Lee ក៏បានស្នើសុំការិយាល័យអនុព័ន្ធពាណិជ្ជកម្ម ជួយសម្របសម្រួលក្នុងការរៀបចំជំនួបពិភាក្សាការងារជាមួយស្ថាប័នគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ៣ រួមមាន ក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងក្រសួងអប់រំ យុវជន និងកីឡា។
ជំនួបត្រៀមលក្ខណៈជាផ្លូវការជាមួយស្ថាប័នទាំងបីនេះ នឹងជួយឱ្យប្រតិភូចិនទទួលបានព័ត៌មានស៊ីជម្រៅបន្ថែមទៀត ពាក់ព័ន្ធនឹងស្ថានភាពសេដ្ឋកិច្ច សង្គម នីតិវិធីចុះបញ្ជីពាណិជ្ជកម្ម និងការផ្តល់អាជ្ញាប័ណ្ណនានា ស្របតាមក្របខ័ណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលនេះជាសញ្ញាណវិជ្ជមានថ្មីមួយទៀតក្នុងការទាក់ទាញទុនវិនិយោគបរទេសចូលមកកម្ពុជាកាន់តែច្រើនឡើង។

