ឈ្មួញកណ្ដាលរកស៊ីលើវិស័យកសិកម្ម សំណូមពររាជរដ្ឋាភិបាល ដំឡើងថ្លៃ បន្លែផ្លែឈើក្រោយកសិករផលិតបាន

សង្គម​និង​សេដ្ឋកិច្ច

ឈ្មួញកណ្ដាល ដែលរកស៊ីលើវិស័យកសិកម្មនៅកម្ពុជា សំណូមពរដល់រាជរដ្ឋាភិបាលដំឡើងថ្លៃ បន្លែ ផ្លែឈើដែលកសិករផលិតបាន ។ នេះបើតាម លោក ខុត សារិន ឈ្មួញកណ្ដាលរកស៊ីលើការទិញលក់បន្លែ ផ្លែឈើ នៅស្រុកល្វាឯម ផ្ដល់បទសម្ភាសន៍ជាមួយឧកញ៉ាញូស៍ នៅព្រឹកថ្ងៃទី២ សីហានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ខុត សារិន ជាអាជីវករម្នាក់ក្នុងចំណោមអាជីវករជាច្រើនដែលរកស៊ីលើការទិញលក់បន្លែ ផ្លែឈើនៅស្រុកល្វាឯមរយៈពេល១០ឆ្នាំមកហើយ។ បច្ចុប្បន្ននេះ លោកបាននិងកំពុងប្រមូលទិញផ្លែល្ហុងពីកសិករដើម្បីយកទៅលក់បន្ត ដោយក្នុងមួយថ្ងៃលោកប្រមូលទិញប្រមាណ៥ទៅ៦តោន។

ក្នុងការប្រមូលទិញនេះ លោក ខុត សារិន បានបញ្ជាក់ថា បច្ចុប្បន្នលោកប្រមូលទិញល្ហុងពីកសិករក្នុងតម្លៃ ៤០០រៀលក្នុងមួយគីឡូក្រាម ហើយលក់ចេញវិញក្នុងតម្លៃ ៦០០ទៅ៧០០រៀលក្នុងមួយគីឡូក្រាម។ លោកថា «តម្លៃនេះ គឺមិនសូវបានថ្លៃប៉ុន្មានទេ ខណៈពេលមុនៗលោកអាចលក់បានក្នុងមួយគីឡូចាប់ពី៨០០ទៅ៩០០រៀលឯណោះ » ។ ចំពោះការលក់ធ្លាក់ថ្លៃនេះ លោកសង្កេតឃើញថា កើតឡើងក្រោយការបោះឆ្នោតរួចរាល់ រីឯចំពោះមូលហេតុ ដែលទីផ្សារធ្លាក់ថ្លៃ លោកមិនបានដឹងនោះទេ។

អាជីវកររូបនេះបន្តថា ការប្រមូលទិញល្ហុង ចន្លោះពី៥ទៅ៦តោននេះ លោកអាចរកប្រាក់ចំណេញតែ២០ម៉ឺនរៀលប៉ុណ្ណោះ ក្រោយពីទូរទាត់ថ្លៃចំណាយផ្សេងៗ ដូចជា ថ្លៃកម្មករ ថ្លៃសាំងជាដើម។

ពាក់ព័ន្ធនឹងការលក់ធ្លាក់ថ្លៃនេះ អាជីវករដែលរកស៊ីលើវិស័យទិញលក់ បន្លែ  ផ្លែឈើនៅស្រុកល្វាឯមរូបនេះ បានសំណូមពរដល់រាជរដ្ឋាភិបាល «សូមជួយដំឡើងថ្លៃបន្លែ ផ្លែឈើដែលកសិករផលិតបានផង ព្រមទាំងផ្ដល់តម្លៃកសិករខ្មែរផង»៕

អត្ថបទ៖ សុកធា