ម្ចាស់អាជីវកម្មទាំងអស់ ត្រូវបិទតម្លៃលើមុខទំនិញ និងសេវាកម្ម ជាប្រាក់រៀល បើមិនអនុវត្តត្រូវប្រឈមនឹងច្បាប់ជាធរមាន

សង្គម​និង​សេដ្ឋកិច្ច

ដើម្បីផ្តល់ភាពកាន់តែងាយស្រួលទៅដល់ប្រជាពលរដ្ឋ នៅក្នុងស្រុក លើការទិញទំនិញ ឬសេវាកម្មគ្រប់ប្រភេទ ក្រសួងពាណិជ្ជកម្មកំពុងជំរុញឱ្យម្ចាស់អាជីវកម្ម សេវាកម្ម ត្រូវបិទស្លាកតម្លៃលើមុខទំនិញជាប្រាក់រៀល។ បើម្ចាស់អាជីវកម្មណា មិនអនុវត្តតាមការណែនាំ ត្រូវទទួលខុសត្រូវបានតាមផ្លូវច្បាប់។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីជួនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី២២ ខែមីនា បានឱ្យដឹងថា  ការបិទស្លាកថ្លៃលើមុខទំនិញ និងសេវាកម្មគប់ប្រភេទអនុវត្តតាមអនុសាន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ដែលមានខ្លឹមសារណែនាំយ៉ាងដូច្នេះថា៖ “សូមឱ្យក្រសួងពាណិជ្ជកម្ម និងក្រសួងទេសចរណ៍ ចូលរួមជាមួយគ្នាដើម្បីដាក់ជាតម្លៃកុំឱ្យពិបាកសួរ”។ 

ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម សូមជូនដំណឹងដល់   ប្រធានមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំងអស់ត្រូវណែនាំ និងផ្សព្វផ្សាយបន្តដល់គ្រប់អាជីវកម្មសេវាកម្ម និងពាណិជ្ជកម្មទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវតែបិទស្លាកថ្លៃលើគ្រប់មុខទំនិញ និងសេវាដែលតាំងលក់ក្នុងហាង ឬអគារលក់ទំនិញរបស់ខ្លួនជាប្រាក់រៀល លើកលែងតែហាង ឬបញ្ហាលក់ទំនិញបន្ទាប់បន្សំ”។

ក្នុងករណីទីតាំងពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មមិនជាប់ពន្ធ ដែលមានកាអនុញ្ញាតដោយរាជរដ្ឋាភិបាល ចាំបាច់ត្រូវតែបិទស្លាកថ្លៃជារូបិយប័ណ្ណបរទេស។ ម្ចាស់ទីតាំងពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មទាំងនោះ ត្រូវមកសុំការអនុញ្ញាតពីអង្គភាពច្រកចេញ -ចូលតែមួយ នៃរដ្ឋបាលខេត្ត។ លិខិតអនុញ្ញាតបិទស្លាកថ្លៃជារូបិយប័ណ្ណបរទេស មានសុពលភាព ១ឆ្នាំ ហើយចំពោះលិខិតអនុញ្ញាតដែលហួសសុពលភាព ត្រូវមកសុំការអនុញ្ញាតសារជាថ្មី ពីអង្គភាពច្រកចេញ-ចូលតែមួយក្នុងរដ្ឋបាលខេត្ត។

ពាណិជ្ជករ អាជីវករ និងសេវាករ ជាម្ចាស់ហាងលក់ទំនិញរួចពន្ធ   ដែលសុំលិខិតអនុញ្ញាតបិទស្លាកថ្លៃជារូបិយប័ណ្ណបរទេស ត្រូវមានកាតព្វកិច្ចបង់កម្រៃសេវាសាធារណ:ជូនរដ្ឋ។ ការបិទស្លាក់ថ្លៃ ត្រូវសរសេរជាភាសាខ្មែរនៅខាងមុខ ឬនៅពីលើ និងអក្សរអង់គ្លេសនៅបន្ទាប់ ឬបន្ទាត់ខាងក្រោម និងភាសាបរទេសទី៣ នៅបន្ទាប់ទៀត អាស្រ័យតាមស្ថានភាពជាក់ស្តែងនៃអតិថិជនរបស់អាជីវកម្ម។ ស្ថានីយ ឬដេប៉ូ លក់រាយប្រេងឥន្ធន:ទាំងអស់ ត្រូវមានដាក់តាំងបង្ហាញនៅបរិវេណខាងមុខទីតាំង អាជីវកម្ម ឬកន្លែងងាយមើលឃើញចម្ងាយប្រមាណជា២០០ម៉ែត្រ។

នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ និងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំងអស់ ត្រូវរួមសហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច ចុះត្រួតពិនិត្យ និងណែនាំអំពីការបិទស្លាកថ្លៃជារៀងរាល់ខែ៕ អត្ថបទ៖ សារេត