អ្នកនិពន្ធ ៖ សៀវភៅ( កម្ពុជាសម័យតេជោ)​នឹងបង្ហាញពីសមិទ្ធផលដ៏ធំធេងនានា នៃម្លប់សន្តិភាព

សង្គម​និង​សេដ្ឋកិច្ច

មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣នេះ លោក ពៅ សុខ សមាជិកក្រុម​ប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ ដែលជា​អ្នក​រៀបរៀងសៀវភៅ (កម្ពុជា​សម័យ​តេជោ) បានឱ្យដឹងថា សៀវភៅ​ដែលមានកម្រាស់ជិត៧០០ទំព័រនេះ លោក​​បាន​បញ្ចប់ការរៀបរៀង​ជំហាន​បឋមរួចរាល់ជាស្ថាពរហើយ ហើយ​នឹងត្រូវបញ្ចូលទៅកាន់រោងពុម្ព​ក្នុងពេល​ឆាប់ៗ​នេះ បន្ទាប់ពីលោក​ចំណាយពេលរៀបរៀង​ប្រមាណជាង៦​ខែដើម្បីរៀប​រៀងរួចមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ពៅ សុខ ឱ្យដឹងទៀតថា  សៀវភៅ(កម្ពុជាសម័យតេជោ) ពុំមែនជាសៀវភៅប្រវត្តិសាស្រ្តនោះទេ តែ​ជា​កម្រង​​ឯកសារ​ដែលលោកចងក្រងរៀបរាប់ពី​សមិទ្ធផលដ៏ធំធេងមហាសាលនានាក្រោមម្លប់សន្តិភាព​ នៃសម្តេចតេជោ បិតាសន្តិភាពរបស់កម្ពុជា ដែលព្យាយាមធ្វើឱ្យមានឡើងវិញពីកម្ពុជាគ្មានអ្វីសោះ ឬអាចហៅថា កម្ពុជា នៃការកើត​ឡើងវិញពីគំនរ​ផេះ​ផង់ ពីចំណុចសូន្យ រហូតមានអ្វីៗ​គ្រប់​យ៉ាង រាប់ចាប់ពីសេរីភាព នៃជំនឿ​សាសនា ការ​ជ្រើស​រើសគូស្រករ ការនិយាយស្តី ឬហៅ​ថាសេរីភាព នៃការបញ្ចេញមតិ និងលទ្ធប្រជាធិប​តេយ្យដូចបណ្តាប្រទេស​នានា នៅលើលោក​ដែរ។

លោកលើកឡើងផងដែរថា ប្រសិនបើមានចម្ងល់ ឬចង់ដឹងថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំរបស់​សម្តេច​តេជោបិតាសន្តិភាពបានធ្វើអ្វីខ្លះ ឬថា តើ​កម្ពុជាសម័យតេជោ ឬតាមបណ្តាខេត្តមួយចំនួនមានអ្វីខ្លះ សៀវភៅ (កម្ពុជាសម័យតេជោ )អាច​ពន្យល់ និងលាតត្រដាងបានគ្រប់ជំពូក។

ជាពិសេសមិត្តអ្នកអាន នឹងបាន​ជ្រាបថា ប្រមុខរាជរដ្ឋាកម្ពុជាសម្តេចតេជោ ហ៊ុន សែន ទទួលបាន នូវពានរង្វាន់ពិភពលោកអ្វីខ្លះ? ទទួលបាន នូវសញ្ញា​បត្រកម្រិតថ្នាក់បណ្ឌិតកិត្តិយសពីបណ្តាប្រទេសណាសខ្លះ? និងក្នុងកិច្ចប្រជុំអាស៊ាន ឆ្នាំ២០២៣ ដែលកម្ពុជា​ធ្វើជាប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ តើកម្ពុជា ទទួលបានការគាំទ្រ និងកោតសរសើរពីបណ្តាមេ​ដឹកនាំ​ពិភពលោកណាខ្លះ?

សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែររូបនេះ បញ្ជាក់ទៀតថា តាមការគ្រោងទុកសៀវភៅ(កម្ពុជា សម័យ​តេជោ) នឹងត្រូវបោះពុម្ពជំហានដំបូងចំនួន២៥០០ច្បាប់ ហើយក្រោយពីការបោះពុម្ពរួចរាល់ សៀវភៅនេះ នឹងមានដាក់លក់នៅតាមបណ្ណាគារនានា ក្នុងរាជធានីភ្នំពេញ និងក៏អាចមានការប្រគេន ឬចែក​ជូន​ដោយឥតគិតថ្លៃ ចំពោះមិត្តអ្នកអានទាំងឡាយ ដែលនិយមការអាន និយមការស្រាវជ្រាវ ហើយពុំមាន​លទ្ធភាពជាវផងដែរ៕