រោងចក្រផលិតស្ករសទី៣ នៅខេត្តព្រះវិហារ នឹងរស់ឡើងវិញនៅដើមឆ្នាំ២០២៧ ក្រោមទុនវិនិយោគពីហុងកុង បន្ទាប់ពីរោងចក្រនេះបិទទ្វារជាង១០ឆ្នាំ

សង្គម​ និង​សេដ្ឋកិច្ច

ឧស្សាហកម្មផលិតស្ករសរបស់កម្ពុជាកំពុងតែឈានចូលដល់របត់ថ្មីមួយ ដោយសារតែរោងចក្រផលិតស្ករសដ៏ធំទី៣ ស្ថិតនៅក្នុងខេត្តព្រះវិហារ ដែលជាខេត្តជាប់ព្រំដែនមួយនេះត្រូវបានរំពឹងថានឹងចាប់ផ្តើមដំណើរការផលិតកម្មឡើងវិញនៅដើមឆ្នាំ២០២៧ ខាងមុខនេះ។ ការរស់ឡើងវិញនៃរោងចក្រនេះ កើតឡើងបន្ទាប់ពីក្រុមហ៊ុនមកពីទីក្រុងហុងកុងបានសម្រេចចិត្តទិញយក ដោយរោងចក្រនេះត្រូវបានបិទទ្វារ និងទុកចោលអស់រយៈពេលជាង ១០ ឆ្នាំកន្លងមកហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាប្រវត្តិសាស្ត្រ បន្ទាប់ពីឆ្លងកាត់ការខូចខាត និងផលប៉ះពាល់ពីសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជានៅតំបន់ព្រំដែន រោងចក្រផលិតស្ករសនៅក្នុងប្រទេសបានខិតខំងើបឈរ និងមានជីវិតរស់រានឡើងវិញជាបន្តបន្ទាប់។ គួរឱ្យដឹងថា បច្ចុប្បន្ន កម្ពុជាមានរោងចក្រផលិតស្ករសចំនួន ២ ដែលកំពុងដំណើរការយ៉ាងសកម្ម ដោយក្នុងនោះមួយមានទីតាំងនៅខេត្តកំពង់ស្ពឺ និងមួយទៀតស្ថិតនៅខេត្តក្រចេះ។

រោងចក្រទាំងពីរដែលកំពុងដំណើរការនេះ មានសមត្ថភាពផលិតស្ករសបានរហូតដល់ទៅ ១៥ ម៉ឺនតោនក្នុងមួយឆ្នាំ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនប្រតិបត្តិការក៏កំពុងតែពង្រីកសង្វាក់ផលិតកម្មរបស់ខ្លួនឱ្យកាន់តែធំជាងមុនផងដែរ ដើម្បីឆ្លើយតប និងបំពេញតម្រូវការប្រើប្រាស់នៅក្នុងស្រុកដែលកំពុងមានការកើនឡើងជាលំដាប់។

បើតាមមន្ទីរព័ត៌មានខេត្តបាត់ដំបង បានឱ្យដឹងថា ការគ្រោងបើកដំណើរការឡើងវិញនៃរោងចក្រស្ករសនេះ មិនត្រឹមតែស្រូបយកកម្លាំងពលកម្មផ្ទាល់ក្នុងស្រុករាប់ពាន់នាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកច្រកទីផ្សារកសិកម្មថ្មីមួយទៀត ដល់បងប្អូនប្រជាពលរដ្ឋដែលមានដី អាចដាំដំណាំអំពៅដើម្បីលក់ផ្គត់ផ្គង់រោងចក្រ បង្កើនប្រាក់ចំណូលគ្រួសារឱ្យកាន់តែរឹងមាំ។

គួរ​រំឭក​ថា រោងចក្រ​ផលិត​ស្ករស​​នៅ​ទឹកដី​ខេត្តព្រះវិហារ បោះទុនដំបូងរបស់​ក្រុមហ៊ុន​រ៉ូ​យ ហ្វេ​ង ក្នុងទំហំវិនិយោគ​មាន​តម្លៃ​៣៦០​លាន​ដុល្លារ​សហរដ្ឋអាមេរិក និង​បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​កាលពី​ថ្ងៃ​ទី​១៩ មេ​សា ឆ្នាំ​២០១៦​កន្លង​ទៅ មានទីតាំងនៅស្រុកឆែប ប៉ុន្តែគ្រាន់តែដំណើរការបាន ៥០ ថ្ងៃដំបូង ក៏ត្រូវផ្អាកផលិតកម្មមួយរយៈធំ ដោយសារកង្វះខាតអំពៅផ្គត់ផ្គង់។

បើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម រយៈពេល៩ខែ ឆ្នាំ២០២៦នេះ កម្ពុជាបាននាំចូលស្ករស ក្នុងទំហំទឹកប្រាក់ចំនួន១៦៣លានដុល្លារ កើនឡើង៧៣.៨៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០២៥ ។ ដោយឡែកចំពោះការនាំចេញវិញ កម្ពុជាបាននាំចេញស្ករ ក្នុងទំហំទឹកប្រាក់ចំនួន១៨.៩លានដុល្លារ ធ្លាក់ចុះ៥៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០២៥៕