លោក ត្រាំ បន្តលើកឡើងថា កាណាដាគួរតែក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញពីការមិនពេញចិត្តជាថ្មីម្តងទៀតចំពោះកាណាដាដែលជាប្រទេសជិតខាងរបស់ខ្លួន ដោយបានអះអាងថាប្រទេសនេះនឹងក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក នៅថ្ងៃណាមួយមិនខាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CTV News។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានថ្លែងនៅក្នុងព្រឹត្តិការណ៍បោះឆ្នោតមួយនៅទីក្រុង Bullhead រដ្ឋអារីហ្សូនា កាលពីថ្ងៃទី១៤ ខែតុលា ថា៖ “កាណាដាបានធ្វើរឿងអាក្រក់ណាស់ដាក់ពួកយើង។ ពួកគេតែងតែធ្វើបែបនេះ ប៉ុន្តែឥឡូវនេះវាមិនមែនជាករណីនោះទៀតទេ។ អ្វីៗបានផ្លាស់ប្តូរទាំងស្រុងចាប់តាំងពីខ្ញុំ មកដល់”។

ប្រធានាធិបតីអាមេរិករូបនេះ​ បន្ថែមទៀតថា ៖” ពួកគេនឹងក្លាយជារដ្ឋទី៥១ របស់យើង​​ព្រោះនោះនឹងជាដំណោះស្រាយតែមួយគត់។ ពួកយើងមិនត្រូវការពួកគេទេ ប៉ុន្តែពួកគេទៅវិញទេដែលត្រូវការយើង”។

គួរឲ្យដឹងថា កាលពីខែមិថុនា លោក ត្រាំ ក៏ធ្លាប់បានបង្ហោះសារលើបណ្តាញសង្គមដោយអំពាវនាវឲ្យកាណាដាក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិកផងដែរ ដែលជាសកម្មភាពមួយបានទាក់ទាញការរិះគន់យ៉ាងខ្លាំងពីសំណាក់មន្ត្រីនៅក្នុងប្រទេសជិតខាងមួយនេះ។

ជម្រាបជូនផងដែរថា ជុំវិញការលើកឡើងទាំងនេះ បានកើតឡើងបន្ទាប់ពីទំនាក់ទំនងសហរដ្ឋអាមេរិក និងកាណាដា កាន់តែមានភាពតានតឹងឡើង ដោយសារតែការដាក់ពន្ធគយសងសឹកគ្នាទៅវិញទៅមក។មេដឹកនាំសេតវិមានរូបនេះ បានលើកឡើងពីបញ្ហាពន្ធគយរបស់ទីក្រុងអូតាវ៉ាលើផលិតផលទឹកដោះគោរបស់អាមេរិក ដោយបានទាមទារឱ្យក្រុមហ៊ុនផលិតរថយន្តប្តូររោងចក្ររបស់ពួកគេពីកាណាដាមកកាន់សហរដ្ឋអាមេរិកវិញ និងថែមទាំងបានស្នើឱ្យប្តូរឈ្មោះបឹង Ontario ទៅជា បឹងអាមេរិកវិញ ផងដែរ៕​