រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent និងតំណាងពាណិជ្ជកម្មអាមេរិក Jamieson Greer នឹងជួបជាមួយមន្ត្រីកំពូលរបស់ចិន នៅប្រទេសស្វីស ក្នុងអំឡុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

នៅថ្ងៃទី៦ ខែឧសភា ក្រសួងរតនាគារសហរដ្ឋអាមេរិក និងការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក បាននិយាយថា ថ្នាក់ដឹកនាំរបស់ពួកគេនឹងមានការជួបពិភាក្សាគ្នាជាមួយមន្ត្រីចិន នៅក្នុងប្រទេសស្វីស ប៉ុន្តែបើតាមសេចក្តីថ្លែងការណ៍របស់អាមេរិក មិនបានបញ្ជាក់ថាមន្ត្រីចិនណាខ្លះនឹងចូលរួមកិច្ចប្រជុំនេះនៅឡើយទេ។ បច្ចុប្បន្ន ឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ត្រូវបានចាត់ទុកថា នឹងបង្ហាញវត្តមានក្នុងកិច្ចប្រជុំនេះ ក្នុងនាមជាមន្ត្រីកំពូលទទួលបន្ទុកទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេស។
ទន្ទឹមនឹងនេះ ខាងក្រសួងពាណិជ្ជកម្មចិន ក៏បាននិយាយផងដែរថា៖ “ដោយផ្អែកលើការរំពឹងទុកជាអន្តរជាតិ ផលប្រយោជន៍របស់ប្រទេសចិន ក៏ដូចជាការផ្តល់យោបល់ពីឧស្សាហកម្ម និងអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិក ប្រទេសចិនបានសម្រេចចិត្តបន្តការផ្លាស់ប្តូរ ជាមួយសហរដ្ឋអាមេរិក” ។
ជម្រាបជូនផងដែរថា កិច្ចប្រជុំនេះត្រូវបានគេមើលឃើញថាជាជំហានដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីចាប់ផ្តើមការចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ក្នុងគោលបំណងស្វែងរកដំណោះស្រាយចំពោះសង្គ្រាមពាណិជ្ជកម្ម បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានដំឡើងពន្ធនាំចូលលើទំនិញចិនដល់ ១៤៥%៕

