ក្រុមហ៊ុន Alef Aeronautics ដែលជាក្រុមហ៊ុនផលិតរថយន្តហោះដំបូងគេបង្អស់របស់សហរដ្ឋអាមេរិក កំពុងដាក់លខិតស្នើសុំប្រកួតប្រជែងជាមួយមហាសេដ្ឋី Elon Musk និងក្រុមហ៊ុន Tesla ដោយលើកឡើងថា ពួកគេបានដំណើរការក្នុងវិស័យឡានហោះនេះរយៈពេល ១១ឆ្នាំមកហើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន KTLA។

កាលពីថ្ងៃទី ១៧ ខែតុលា ក្រុមហ៊ុន Alef Aeronautics បានបង្ហោះវីដេអូអំពីរថយន្តហោះរបស់ខ្លួននៅលើបណ្តាញសង្គម X ដោយបានស្លាក (Tag) ផ្ញើទៅកាន់លោក Elon Musk និងក្រុមហ៊ុន Tesla ព្រមទាំងភ្ជាប់ជាមួយសារថា “ពួកយើងបាននៅទីនេះរយៈពេល ១១ ឆ្នាំហើយ”។
យ៉ាងណាមិញ ជុំវិញការបង្ហោះសារនេះ ត្រូវបានធ្វើឡើង ក្រោយពីរថ្ងៃមុន នៅពេលដែលនាយកប្រតិបត្តិលោក Elon Musk បានដាក់បង្ហាញរថយន្តហោះដំបូងបង្អស់របស់ខ្លួន គឺ Tesla Roadster ដោយពណ៌នាថាវាគឺជា “ការអភិវឌ្ឍដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំងបំផុត”។
មិនតែប៉ុណ្ណោះដោយថ្លែងនៅលើគេហទំព័ររថយន្តអគ្គិសនី Electrek លោក Jim Dukhovny នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Alef Aeronautics បានអញ្ជើញក្រុមហ៊ុន Tesla ឱ្យចូលរួមក្នុងការប្រណាំងរថយន្តហោះនេះ ដោយបញ្ជាក់ថាពួកគេស្ថិតនៅម្នាក់ឯងក្នុងវិស័យឡានហោះនេះ អស់ពេល ១១ឆ្នាំមកហើយ។
ជម្រាបជូនថា ក្រុមហ៊ុន Alef Aeronautics ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយលោក Jim Dukhovny ដែលមានឯកទេសខាងផលិតរថយន្តហោះស្រាប់តែម្តង។ នៅឆ្នាំ២០២២ ពួកគេបានអភិវឌ្ឍម៉ូដែល Model A ដែលអាចហោះហើរបានចម្ងាយ ១៧៧ គីឡូម៉ែត្រ ក្នុងការសាកថ្មម្តង ហើយបច្ចុប្បន្នវាមានតម្លៃជិត ៣០០ ០០០ដុល្លារ។ នេះក៏ជារថយន្តដំបូងគេបង្អស់នៅលើពិភពលោកដែលទទួលបានវិញ្ញាបនបត្រពីរដ្ឋាភិបាលសម្រាប់ការហោះហើរក្នុងឆ្នាំ២០២៣ ផងដែរ៕

