លោក Pham Nhat Vuong ដែលជាមហាសេដ្ឋីមានជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ បានជាប់ចំណាត់ថ្នាក់ក្នុងចំណោមបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនបំផុតទាំង១០ នៅលើពិភពលោក ដែលមានវ័យខ្ទង់ ៥០ឆ្នាំ រួមជាមួយមហាសេដ្ឋីកំពូលៗដទៃទៀត ដូចជា Elon Musk និង Larry Page ជាដើម។

យោងតាម Forbes លោក Vuong មានវ័យ ៥៨ឆ្នាំ ជាប្រធានក្រុមហ៊ុនខ្នាតយក្សវៀតណាម Vingroup កំពុងឈរនៅចំណាត់ថ្នាក់ទី៦៨ ក្នុងនាមជាមហាសេដ្ឋីមានបំផុតរបស់ពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសរុប ៣៨ពាន់លានដុល្លារ។
យ៉ាងណាមិញ ក្នុងចំណោមមហាសេដ្ឋីដែលមានវ័យខ្ទង់ ៥០ឆ្នាំនោះ លោក Musk ដែលមានអាយុ ៥៥ឆ្នាំ ឈរនៅចំណាត់ថ្នាក់កំពូលគេ ដោយមានទ្រព្យសម្បត្តិសរុបរហូតដល់ទៅ ៩០៨ពាន់លានដុល្លារអាមេរិក។
ចំណាត់ថ្នាក់បន្ទាប់គឺស្ថាបនិកក្រុមហ៊ុន Google គឺលោក Larry Page និងលោក Sergey Brin ដែលមានអាយុ ៥៣ឆ្នាំដូចគ្នា ដោយអ្នកទាំងពីរមានទ្រព្យសម្បត្តិសរុបលើសពី ២៥០ពាន់លានដុល្លារអាមេរិក។
លោក Ken Griffin ប្រធានគ្រប់គ្រងមូលនិធិការពារហានិភ័យ (hedge fund) ជាប់ចំណាត់ថ្នាក់ទី៤ ជាមួយនឹងទ្រព្យសម្បត្តិជិត ៥៧ពាន់លានដុល្លារ មានវ័យ ៥៨ឆ្នាំ ។ បន្ទាប់មកគឺលោក Ma Huateng វ័យ ៥៤ឆ្នាំ ដែលជាប្រធានក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Tencent ដោយមានទ្រព្យសម្បត្តិ ៤៥ពាន់លានដុល្លារ។
មហាសេដ្ឋីផ្សេងទៀតដែលស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ រួមមាន លោក Robin Zeng (មហាសេដ្ឋីវិស័យអាគុយ), លោក William Ding (មហាសេដ្ឋីវិស័យហ្គេម), លោក Andrea Pignataro (មហាសេដ្ឋីវិស័យកម្មវិធីផ្នែកហិរញ្ញវត្ថុ) និងអ្នកវិនិយោគ លោក Peter Thiel ដោយពួកគេម្នាក់ៗមានទ្រព្យសម្បត្តិសរុបចន្លោះពី ៣៦ពាន់លាន ទៅ ៤៥ពាន់លានដុល្លារ៕

