សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងតេឡេក្រាម នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះ បានផ្ដល់ជម្រើសបន្ថែមដល់លោក អ៊ុំ សំអាន ឱ្យចាត់តំណាងមកជជែកជាមួយរដ្ឋាភិបាលលើរឿងព្រំដែន បើសិនជាលោកខ្លាចមិនហ៊ានមកខ្លួនឯង។

សម្តេចលោធិបតី បានលើកឡើងថា ក្នុងរយៈពេលមួយសប្តាហ៍នេះ ខ្ញុំជាប់បំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសបីនៅអាស៊ីកណ្ដាល រួមមានសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ សាធារណរដ្ឋកាហ្សាក់ស្តង់ និងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)។
ក្នុងអំឡុងមួយសប្តាហ៍នេះដែរ លោក អ៊ុំ សំអាន បានចេញសារជាបន្តបន្ទាប់ ដែលបានផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួនរបស់គាត់ និងតាមរយៈការសម្ភាសជាមួយបណ្តាញព័ត៌មានគ្នាគាត់មួយចំនួន ដូចជាអាស៊ីសេរី ។ល។ ពាក់ព័ន្ធនឹងការជជែក ផ្ទៀងផ្ទាត់គ្នាអំពីបព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩។
សម្តេចធិបតីថា លោកព្យាយាមគេចវេស តាមរយៈការបង្កើតលក្ខខណ្ឌនានាដើម្បីបង្វែរពីការដែលគាត់ត្រូវចូលមកបង្ហាញភស្តុតាងដែលគាត់ចោទរាជរដ្ឋាភិបាលថាបានកាត់ដីអោយថៃនៅចន្លោះបង្គោលលេខ៥២-៥៩ ទៅជាការទាមទារអោយលើកលែងទោសអោយគាត់ទៅវិញ។
ក្នុងគោលបំណងបង្កលក្ខណៈឲ្យក្រុមការងារលោក អ៊ុំ សំអាន មានឱកាសជជែក ផ្ទៀងផ្ទាត់គ្នាជាមួយក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាល និងបង្ហាញឯកសារនិងភស្តុតាងនានាពាក់ព័ន្ធនឹងបង្គោលព្រំដែនលេខ ៥២-៥៩ ដែលគាត់មានជាពិសេសដើម្បីកុំឲ្យប្រជាជនមានការមន្ទិលសង្ស័យ ព្រោះ លោក អ៊ុំ សំអាន បានចោទរដ្ឋាភិបាលនិងមន្ត្រីព្រំដែនរដ្ឋាភិបាលម្តងហើយម្តងទៀត ថាបានធ្វើឲ្យបាត់ដីនៅតំបន់នោះ ខ្ញុំសូមផ្តល់នូវជម្រើសបន្ថែមមួយទៀត ក្នុងករណីដែលលោកខ្លាចមិនហ៊ានមកផ្ទាល់ ៖

សម្តេចថា លោក អ៊ុំ សំអាន អាចចាត់តាំងតំណាងឬក្រុមតំណាង ដែលអាចជាអ្នកមកពីក្រៅប្រទេសដែលមិនខ្លាចនឹងចូលមកជជែក ផ្ទៀងផ្ទាត់ជាមួយគ្នាតាមការអញ្ជើញរបស់ខ្ញុំ (ខ្ញុំផ្ដល់ការធានាដូចបានបញ្ជាក់រួចហើយចំពោះពួកគេ) ឬអាចជាអ្នកនៅក្នុងប្រទេសកម្ពុជាស្រាប់ក៏បាន។
សម្តេចធិបតីបន្តថា សម្រាប់រដ្ឋាភិបាល គឺស្វាគមន៍ជម្រើសមួយណាក៏បាន លោកដឹកនាំមកខ្លួនឯង (ដោយគ្មានលក្ខខណ្ឌដែលលោកបានលើក ដើម្បីដោះខ្លួននោះ ព្រោះខ្ញុំធានាសុវត្ថិភាពលោកនិងក្រុមលោករួចហើយ)ក៏បាន ឬចាត់តាំងតំណាងឬក្រុមតំណាងរបស់លោកមកក៏បាន។ ខ្ញុំសូមបញ្ជាក់ថាការធានារបស់ខ្ញុំចំពោះសុវត្ថិភាពសម្រាប់លោក អ៊ុំ សំអាន និងក្រុមការងារ (បើលោកជំនះការខ្លាចរបស់លោកបាន) ឬសម្រាប់តំណាងនិងក្រុមតំណាងរបស់លោក (ករណីលោកមិនហ៊ានមកផ្ទាល់) គឺមិនប្រែប្រួលទេ។
សម្តេចសង្ឃឹមថា លោក អ៊ុំ សំអាន ហ៊ានសម្រេចយកជម្រើសណាមួយ និងផ្តល់ចម្លើយត្រង់ៗ ក្នុងពេលឆាប់ៗ ដើម្បីជួយបញ្ចប់មន្ទិលរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩។ សង្ឃឹមផងដែរថាលោក អ៊ុំ សំអាន មិនបង្កើតហេតុផល ឬរកលេសផ្សេងៗទៀតដើម្បីគេចមិនចូលរួមដូចកន្លងមកនោះទេ។
រាជរដ្ឋាភិបាលមានកិច្ចការច្រើនទៀតដើម្បីប្រទេសជាតិនិងប្រជាជន រួមទាំងការងារព្រំដែនជាមួយប្រទេសថៃ ហើយខ្ញុំតែងតែ អំពាវនាវអោយប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ ផ្តល់ឱកាសអោយរាជរដ្ឋាភិបាលធ្វើការដោះស្រាយបញ្ហាជាមួយភាគីថៃដោយការទទួលខុសត្រូវ ជាពិសេសនៅក្នុងដំណាក់កាលដែលបញ្ហាព្រំដែននៅមានភាពស្មុគស្មាញនិងមិនទាន់ដោះស្រាយរួច ជាជាងត្រូវឆ្លើយឆ្លងជាមួយខ្មែរគ្នាឯងដូចជាករណីនេះ ដែលខ្ញុំត្រូវឆ្លើយតប ព្រោះការចោទប្រកាន់មកលើរាជរដ្ឋាភិបាលថាបានកាត់ដីអោយថៃនៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ វាពិតជាធ្ងន់ធ្ងរពេក ដែលមិនអាចទទួលយកបាន៕អត្ថបទ៖ ហ្សាលីន

