អ្នកនៅភ្នំពេញត្រៀមចាក់ដូសទី ៣ បើគ្មានបណ្ណចាក់វ៉ាក់សាំងដុសជំរុញមិនអនុញ្ញាតិឲ្យចូលទីកន្លែងបិទជិត

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចកំណត់យកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ ជា «វ៉ាក់សាំងកាតព្វកិច្ច» នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ក្នុងករណីប្រជាពលរដ្ឋដែលនៅតែបន្ដគេចវេសមិនបំពេញកាតព្វកិច្ចនេះ នឹងត្រូវចាត់វិធានការរដ្ឋបាល ស្របតាមច្បាប់ជាធរមាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសេចក្ដីជូនដំណឹងនៅថ្ងៃចន្ទ ទី២៥ ខែមេសានេះរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា៖ «ចំពោះបុគ្គលទាំងឡាយណា ដែលនៅតែបន្តគេចវេសមិនអនុវត្តកាតព្វកិច្ចទាក់ទង នឹងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៣ ឬ ដូសជំរុញ ដែលជា «វ៉ាក់សាំងកាតព្វកិច្ច» ស្របតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការរដ្ឋបាល ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន»

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងធ្វើការរឹតបន្ដឹងការត្រួតពិនិត្យសុពលភាពបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ឬ បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឬ លិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយមិនអនុញ្ញាតឲ្យបុគ្គលណាមួយ ដែលគ្មានបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ឬមានបណ្ណចាក់វ៉ាក់សាំងដែលគ្មានសុពលភាពសម្រាប់ដូសទី៣ ឬ ដូសជំរុញ ចូលក្នុងបរិវេណទីតាំងបិទជិត ដូចជា រោងចក្រ-សហគ្រាស អាជីវកម្មដ្ឋាន មណ្ឌលកម្សាន្ត ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ និងគ្រឹះស្ថានសិក្សា ជាដើម។

គួររម្លឹកថា គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះ កម្ពុជាសម្រេចបានអត្រានៃការចាក់វ៉ាក់សាំងកូវីដ-១៩ ធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៩៣,០៨%ហើយ៕