កម្ពុជា ស្វែងរកឱកាសជាមួយក្រុមហ៊ុនយក្ស KazAzot ក្នុងការនាំចូលជីកសិកម្ម

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅឯប្រទេសកាហ្សាក់ស្ថាន គណៈប្រតិភូកម្ពុជាដឹកនាំដោយ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារជាមួយលោកស្រី Takhmina Nagumanova អគ្គនាយករងនៃក្រុមហ៊ុនជី KazAzot និងសហការី ដើម្បីបើកផ្លូវសហប្រតិបត្តិការថ្មីលើវិស័យកសិកម្ម រវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបពិភាក្សាការងារនេះ ធ្វើឡើងក្នុងគោលបំណងស្វែងយល់ឱ្យបានស៊ីជម្រៅពីសមត្ថភាពផលិត និងការផ្គត់ផ្គង់ជីរបស់ក្រុមហ៊ុន KazAzot ដែលជាក្រុមហ៊ុនផលិតជីអាសូត (N) ឈានមុខគេមួយរបស់ប្រទេសកាហ្សាក់ស្ថាន ព្រមទាំងពិភាក្សា និងស្វែងរកមធ្យោបាយដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពក្នុងការនាំយកជីកសិកម្មពីប្រទេសកាហ្សាក់ស្ថាន មកកាន់ទីផ្សារប្រទេសកម្ពុជា។

កិច្ចពិភាក្សានេះ គឺជាជំហានថ្មីមួយទៀតរបស់ក្រសួងកសិកម្ម ក្នុងការស្វែងរកប្រភពធាតុចូលកសិកម្មដែលមានគុណភាព និងតម្លៃសមរម្យ ដើម្បីជួយសម្រួលដល់ការបង្កបង្កើនផល និងកាត់បន្ថយថ្លៃដើមផលិតកម្មរបស់ប្រជាកសិករខ្មែរ៕