ធនាគារ FTB ចុះហត្ថលេខាលើកិច្ចព្រមព្រៀងយុទ្ធសាស្ត្រជាមួយធនាគារសហគ្រាសធុនតូច និងមធ្យម និងសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីគាំទ្រឥណទានប្រសិទ្ធភាពថាមពល

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ, ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ – ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានរៀបចំពិធីចុះហត្ថលេខាដ៏មានសារៈសំខាន់លើ «កិច្ចព្រមព្រៀងស្ដីពីការអនុវត្តគម្រោងហិរញ្ញប្បទានប្រសិទ្ធភាពថាមពល (EERF)» រវាង FTB និង ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) និង «កិច្ចព្រមព្រៀងស្ដីពីគម្រោងធានាឥណទានសម្រាប់ប្រសិទ្ធភាពថាមពល (EEGS)» រវាង FTB និង សាជីវកម្មធានាឥណទានកម្ពុជា (CGCC)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងនេះបង្កើតឡើងដើម្បីពង្រីកលទ្ធភាពទទួលបានឥណទានដល់សហគ្រាស សម្រាប់ការវិនិយោគលើបច្ចេកវិទ្យា ម៉ាស៊ីន បរិក្ខារ អគារ និងប្រព័ន្ធផលិតកម្មដែលប្រើប្រាស់ថាមពលកាន់តែមានប្រសិទ្ធភាព ក្រោមការគាំទ្រហិរញ្ញវត្ថុ និងបច្ចេកទេសពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងរ៉ែ និងថាមពល។

លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិធនាគារ FTB បានមានប្រសាសន៍ថា៖«ពិធីចុះហត្ថលេខានាឱកាសនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងធនាគារ FTB ធនាគារ SME Bank និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីការប្ដេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការគាំទ្រដល់ការធ្វើទំនើបកម្មសហគ្រាស ការបង្កើនប្រសិទ្ធភាពថាមពល ការលើកកម្ពស់ហិរញ្ញវត្ថុបៃតង និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជាផងដែរ។»

លោក ជា សុភ័ក្ត អគ្គនាយក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក បានមានប្រសាសន៍ថា៖​ “គម្រោង​​ហិរញ្ញប្បទានប្រសិទ្ធភាពថាមពល បាន​ត្រៀម​ថវិកាសរុប​ចំនួន ២០ លានដុល្លារអាម៉េរិក ​​សម្រាប់ធនាគារដៃគូ ក្នុងនោះរួមមានទាំង ធនាគារ FTB​ ផងដែរ ដើម្បីយកទៅផ្តល់ហិរញ្ញប្បទានដល់អាជីវកម្ម ដែលវិនិយោគលើប្រសិទ្ធភាពថាមពល។ ជារួម, ក្នុងកិច្ចសហប្រតិបត្តិការនេះធនាគារ FTB ទទួលបន្ទុកក្នុងការស្វែងរកអតិថិជន ពិនិត្យ និងអនុម័តលើសំណើសុំឥណទានរបស់ម្ចាស់អាជីវកម្ម ស្របតាមលក្ខខណ្ឌគម្រោង និងលក្ខណៈវិនិច្ឆ័យតាមគោល​ការណ៍ផ្តល់ឥណទានផ្ទៃក្នុងរបស់ខ្លួន ខណៈធនាគារ SME ​ជាអ្នក​​បញ្ចេញ​ឥណទាន​ (drawdown) ទៅធនាគារ FTB សម្រាប់ផ្តល់កម្ចីបន្តទៅម្ចាស់អាជីវកម្ម។​ ជាមួយគ្នានេះ  ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្ម ដែលខ្វះទ្រព្យធានា, CGCC នឹងផ្តល់ការគាំទ្រផ្នែកធានាឥណទាន ស្របតាមលក្ខខណ្ឌនៃគម្រោងរបស់ខ្លួន។”

លោក​ ណូ លីដា អគ្គនាយក CGCC មានប្រសាសន៍ថា “ពិធីចុះហត្ថលេខានាពេលនេះ គឺជាភស្តុតាងដ៏ប្រសើរមួយ នៃការសហការ រវាងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហារួមគ្នា ដែលរួមមានទាំងស្ថាប័នរដ្ឋ (ក្រសួងរ៉ែ និងថាមពល, CGCC និង SME Bank), ស្ថាប័នឯកជន (FTB Bank) និង ដៃគូអភិវឌ្ឍន៍ (ADB) ក្នុងការរួមគ្នាជំរុញការវិនិយោគលើប្រសិទ្ធភាពថាមពល និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា។ ដើម្បីគាំទ្រដល់ការអនុវត្តគម្រោង EERF នេះ CGCC បានបង្កើត Energy Efficient Guarantee Scheme (EEGS) ក្នុងគោលដៅផ្តល់ការធានាលើកម្ចីសរុប ក្នុងទំហំ ២០លានដុល្លារ។ ការធានារបស់ CGCC ក្រោមគម្រោង EEGS នេះ នឹងដើរតួជាកាតាលីករដ៏សំខាន់ ក្នុងការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនតូច និងមធ្យមដែលមានគុណវុឌ្ឍិ ដើម្បីប្រើប្រាស់ជាទុនបង្វិល ឬការវិនិយោគលើគម្រោង ដែលពាក់ព័ន្ធនឹងការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល និងជួយជំរុញឱ្យមានការផ្តល់ហិរញ្ញប្បទានកាន់តែច្រើនទៅកាន់គម្រោងថាមពលស្អាត និងគម្រោងដែលបង្កើនប្រសិទ្ធភាពថាមពល។”

តាមរយៈគម្រោង EERF នេះ ម្ចាស់អាជីវកម្ម និងសហគ្រាសធុនតូច និងមធ្យម នឹងទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលមានអត្រាការប្រាក់សមរម្យ រយៈពេលឥណទានអំណោយផល និងយន្តការធានាឥណទាន ដែលជួយកាត់បន្ថយតម្រូវការទ្រព្យធានា សម្រួលថ្លៃដើមប្រតិបត្តិការ បង្កើនផលិតភាព និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ព្រមទាំងផ្តល់អាទិភាពដល់សហគ្រាសដែលដឹកនាំដោយស្ត្រីផងដែរ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងបរិយាបន្នហិរញ្ញវត្ថុ៕