ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្តបង្កើនសម្ពាធលើភាគីអ៊ុយក្រែន ដោយជំរុញឱ្យលោកប្រធានាធិបតី Volodymyr Zelensky សម្រេចបាននូវកិច្ចព្រមព្រៀងមួយជាមួយរុស្ស៊ី ដើម្បីបញ្ចប់ជម្លោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃទី២០ ខែតុលា លោក ត្រាំ បាននិយាយថា៖ “យើងចង់ឱ្យប្រធានាធិបតីអ៊ុយក្រែន លោក Zelensky ឈានដល់កិច្ចព្រមព្រៀងមួយ។ គាត់អាចធ្វើវាបាន។ លោក Zelensky គួរតែអាចសម្រេចបានកិច្ចព្រមព្រៀងនេះតាំងពីពីរឆ្នាំមុនម្ល៉េះ ពេលដែលយើងបានជជែកគ្នាបន្តិចបន្តួចនៅក្នុងការិយាល័យ Oval”។
មិនតែប៉ុណ្ណោះ លោក ត្រាំ បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកបានផ្ដល់ជំនួយយ៉ាងច្រើនដល់អ៊ុយក្រែន ប៉ុន្តែអ្វីដែលទទួលបានមកវិញគឺបញ្ហា ការខាតបង់អាយុជីវិត ខាតបង់ហិរញ្ញវត្ថុយ៉ាងច្រើនសន្ធឹកសន្ធាប់ និងតម្លៃប្រេងឥន្ធនៈដែលកើនឡើងខ្ពស់កប់ពពក ដែលធ្វើឱ្យអ្នកបង់ពន្ធអាមេរិកជួបប្រទះបញ្ហាយ៉ាងច្រើន។
គួរជម្រាបជូនថា កាលពីថ្ងៃទី២០ ខែតុលា លោក Zelensky បានជួបពិភាក្សាជាមួយបេសកជនពិសេសរបស់លោក ត្រាំ គឺលោក Steve Witkoff នៅក្នុងទីក្រុងអូស្លូ (Oslo) ប្រទេសន័រវែស ដើម្បីពិភាក្សាអំពីវិធានការបន្ថយភាពតានតឹង និងការស្ដារឡើងវិញនូវការចែករំលែកព័ត៌មានសម្ងាត់រវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ខណៈលោកក៏បានសង្កត់ធ្ងន់ថា អ៊ុយក្រែន ត្រូវតែមានវត្តមានក្នុងការចរចានោះ ដើម្បីអនាគតរបស់ប្រទេសជាតិរបស់ខ្លួន៕

