រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុង «ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ យុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះរៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងតំណាងវិស័យឯកជនជាច្រើនរូប។
នៅក្នុងឱកាសនោះ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានថ្លែងសុន្ទរកថាគន្លឹះ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» ព្រមទាំងមានពិធីប្រគល់សៀវភៅយុទ្ធសាស្ត្រជាតិដ៏មានសារៈសំខាន់នេះផងដែរ។
សូមជម្រាបថា យុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ មានចក្ខុវិស័យជំរុញការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ឱ្យក្លាយជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករដ៏រឹងមាំនៃកំណើនសេដ្ឋកិច្ចជាតិ ដើម្បីនាំមកនូវវឌ្ឍនភាពសង្គម និងវិបុលភាពសម្រាប់ប្រជាជាតិកម្ពុជា។




















