លោក ត្រាំ​ បង្ហើបថាអ៊ុយក្រែនកាន់តែខិតជិតក្នុងការទទួលបានសន្តិភាពត្រលប់មកវិញ ក្នុងពេលឆាប់ៗ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញការជឿជាក់ថា ការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន គឺកាន់តែខិតជិតជាងពេលណាៗទាំងអស់ ខណៈពេលដែលប្រធានាធិបតី លោក Zelensky ចង់បានកិច្ចចរចាត្រីភាគីឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមាន កាលពីថ្ងៃទី២១ ខែតុលា ថា៖ “កាលពីថ្ងៃមុន ខ្ញុំបាននិយាយជាមួយលោក វ្លាឌីមៀ ពូទីន អំពីការបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ខ្ញុំគិតថាយើងកំពុងខិតជិតគោលដៅនោះ ដែលវាប្រហែលជាកាន់តែជិតជាងពេលណាៗទាំងអស់”។

យ៉ាងណាមិញ ជុំវិញសេចក្តីប្រកាសនេះបានកើតឡើង នៅពេលដែលបេសកជនអាមេរិក លោក Steve Witkoff បានអញ្ជើញដល់ទីក្រុង St. Petersburg ដើម្បីជួបជាមួយមេដឹកនាំរុស្ស៊ី ដោយនាំយកមកជាមួយនូវគំនិត សម្រាប់កិច្ចព្រមព្រៀងសន្តិភាពសក្តានុពលមួយនៅក្នុងជម្លោះអ៊ុយក្រែន។

ទន្ទឹមនឹងនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានថ្លែងនៅថ្ងៃដដែលនោះផងដែរថា លោកបាននិយាយជាមួយមន្ត្រីអាមេរិក បន្ទាប់ពីកិច្ចពិភាក្សារបស់បេសកជនពិសេសរវាងលោក Witkoff ជាមួយលោក ពូទីន ហើយបានទទួលព័ត៌មានត្រឡប់មកវិញថា រុស្ស៊ីគាំទ្រដល់ការរៀបចំកិច្ចប្រជុំត្រីភាគីរវាងភាគីចរចា។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះ ក៏បានបន្ថែមថា ទីក្រុងគៀវ (Kyiv) គាំទ្ររាល់សំណើសម្រាប់បទឈប់បាញ់ ការបញ្ចប់ជម្លោះ ការបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាគំនិតផ្តួចផ្តើមផ្នែកមនុស្សធម៌​ផងដែរ៕​