សម្តេចធិបតី៖ ត្រឹមឆ្នាំ២០២៥ SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារអាមេរិក

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី​ ​ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ​បានឱ្យដឹងថាសហគ្រាសធុនមីក្រូតូច និង មធ្យម (MSMEs)  គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍវិស័យឯកជន។ទន្ទឹមគ្នានេះ គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ថ្លែងដូច្នេះ កាលព្រឹកថ្ងៃទី២២​ ខែតុលា​ ឆ្នាំ២០២៦ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រកាសជាផ្លូវការយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូតូច និង មធ្យមឆ្នាំ២០២៦-២០៣០ នៅសុខាភ្នំពេញ។

នាឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ក្នុងវិស័យហិរញ្ញប្បទាន រាជរដ្ឋាភិបាលបានបង្កើតយន្តការពិសេសជាច្រើន ដើម្បីគាំទ្រ MSMEs។ គិតត្រឹមឆ្នាំ២០២៥ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារអាមេរិក ដល់សហគ្រាសជាង ៣,៤០០ មូលដ្ឋានអាជីវកម្ម ក្នុងវិស័យអាទិភាព រួមមានការកែច្នៃ កសិផល ការផលិតម្ហូបអាហារ ឧស្សាហកម្ម និងសេវាកម្ម។ ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទ (ARDB) បានបន្តផ្តល់ហិរញ្ញប្បទានដល់ខ្សែច្រវាក់តម្លៃកសិកម្ម និងការកែច្នៃកសិផល ដើម្បីបង្កើនតម្លៃបន្ថែមក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល។

ហេតុនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់បន្ថែមថា ដើម្បីពង្រឹងយន្តការដឹកនាំ និងសម្របសម្រួលការអភិវឌ្ឍMSMEs រាជរដ្ឋាភិបាល កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៦ បានដាក់ចេញ អនុក្រឹត្យស្តីពី ការបង្កើតគណៈកម្មាធិការដឹកនាំការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម សំដៅបង្កើតយន្តការអន្តរក្រសួងសម្រាប់តម្រង់ទិស សម្របសម្រួល និងតាមដានការអនុវត្តគោលនយោបាយ និងកម្មវិធីពាក់ព័ន្ធនឹងMSMEs កម្ពុជា ឱ្យមានសង្គតិភាព និងប្រសិទ្ធភាព៕ អត្ថបទ៖ហ្សាលីន