ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ចេញនូវកញ្ចប់ជំនួយទឹកប្រាក់ចំនួន ៨ពាន់លានដុល្លារសម្រាប់កសិករ ដែលត្រូវបានចាត់ទុកថាជាក្រុមអ្នកបោះឆ្នោតដ៏សំខាន់មួយដែលកំពុងមានការអាក់អន់ចិត្តចំពោះការឡើងថ្លៃនៃថ្លៃដើមផលិតកម្ម ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសម្លេងភាគច្រើននៃគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតកណ្តាលអាណត្តិ នាខែវិច្ឆិកាខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Politico។

សហរដ្ឋអាមេរិក ហាក់បានឈានចូលដល់ដំណាក់កាលចុងក្រោយហើយនៃយុទ្ធនាការសម្រាប់ស្វែងរកសម្លេងឆ្នោតកណ្តាលអាណត្តិ ដែលនឹងត្រូវធ្វើឡើងនាថ្ងៃទី៣ ខែវិច្ឆិកា។ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាភាគច្រើនរបស់គណបក្សសាធារណរដ្ឋនៅក្នុងសភាទាំងពីរ លោក ត្រាំ កំពុងស្វែងរកការគាំទ្របន្ថែមពីកសិករអាមេរិក ដែលជាក្រុមអ្នកបោះឆ្នោតរងផលប៉ះពាល់យ៉ាងខ្លាំងពីស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន។
យ៉ាងណាមិញ ដោយថ្លែងនៅរដ្ឋKansas កាលពីថ្ងៃទី១៩ ខែតុលា ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត លោក ត្រាំ បានលើកឡើងថា៖ “ខ្ញុំសូមប្រកាសថាក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) នឹងដាក់ឱ្យដំណើរការកម្មវិធីជំនួយប្រេងឥន្ធនៈ ដោយផ្តល់ប្រាក់ចំនួន ៨ពាន់លានដុល្លារដល់កសិករ ដើម្បីទូទាត់ថ្លៃដើមប្រេងម៉ាស៊ូតក្នុងអំឡុងពេលប្រមូលផលឆ្នាំនេះ”។ មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិករូបនេះ ក៏បានសន្យាថានឹងផ្តល់ជំនួយបន្ថែមទៀតប្រសិនបើគណបក្សសាធារណរដ្ឋរបស់លោក ទទួលបានជ័យជម្នះផងដែរ។
គួរជម្រាបជូនថា កញ្ចប់ជំនួយនេះត្រូវបានប្រកាសចំពេលមានការមិនពេញចិត្តកាន់តែខ្លាំងឡើងក្នុងចំណោមអ្នកបោះឆ្នោតនៅតាមរដ្ឋកសិកម្ម ដែលជាទូទៅគាំទ្រគណបក្សសាធារណរដ្ឋ ចំពោះគោលនយោបាយរបស់សេតវិមាន ដូចជាការបង្កើនការនាំចូលសាច់គោ ពន្ធគយលើដៃគូពាណិជ្ជកម្ម និងថ្លៃដើមប្រេងឥន្ធនៈខ្ពស់ដោយសារជម្លោះអ៊ីរ៉ង់។ បើគ្មានការគាំទ្រពីក្រុមអ្នកបោះឆ្នោតជនបទទាំងនេះទេ គណបក្សសាធារណរដ្ឋទំនងជានឹងបាត់បង់សំឡេងភាគច្រើននៅក្នុងសភាទាំងពីរមិនខាន៕

