តម្លៃភាគហ៊ុនរបស់ Tesla បានធ្លាក់ចុះ ២% កាលពីថ្ងៃទី២២ ខែតុលា បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សមួយនេះបានកាត់បន្ថយការព្យាករលើការចំណាយដើមទុនរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញសកម្មភាពនេះបានបង្កឱ្យមានក្តីបារម្ភយ៉ាងខ្លាំងក្នុងចំណោមវិនិយោគិន ដែលរំពឹងថានឹងមានការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីគាំទ្រដល់ចក្ខុវិស័យរបស់មហាសេដ្ឋី Elon Musk លើវិស័យបញ្ញាសិប្បនិម្មិត (AI) និងមនុស្សយន្ត (robotics)។
គួរឲ្យដឹងថា កាលពីថ្ងៃទី២១ ខែតុលា ក្រុមហ៊ុន Tesla បានកែសម្រួលការព្យាករការចំណាយដើមទុនសម្រាប់ឆ្នាំ២០២៦ មកនៅត្រឹមប្រហែល ២០ពាន់លានដុល្លារ (ពីចំនួនជាង ២៥ពាន់លានដុល្លារ)។ ការកែសម្រួលនេះកើតឡើងបន្ទាប់ពីក្រុមហ៊ុនបានចំណាយលើវិស័យ AI និងមនុស្សយន្តក្នុងត្រីមាសទី៣ តិចជាងការរំពឹងទុកយ៉ាងខ្លាំង ដែលនាំឱ្យមានលំហូរសាច់ប្រាក់សេរី (free cash flow) វិជ្ជមានមួយដែលមិននឹកស្មានដល់។
យ៉ាងណាមិញ ក្រុមហ៊ុន Tesla មិនបានបញ្ជាក់លម្អិតថាផ្នែកណាខ្លះនឹងត្រូវកាត់បន្ថយការចំណាយនោះទេ ប៉ុន្តែថ្នាក់ដឹកនាំក្រុមហ៊ុនបានពន្យល់កាលពីថ្ងៃពុធថា ការកែសម្រួលនេះគឺដើម្បីគ្រប់គ្រងការប្រើប្រាស់ដើមទុនឱ្យមានប្រសិទ្ធភាព។
គួរជម្រាបជូនថា នាយកប្រតិបត្តិក្រុមហ៊ុន លោក Elon Musk បាននិយាយកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន Tesla និង SpaceX បានបង្កើតគណៈកម្មាធិការពិសេសមួយ ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការរួមបញ្ចូលក្រុមហ៊ុនទាំងពីរចូលគ្នា។ គម្រោងនេះអាចបង្កើតបានជាក្រុមហ៊ុនយក្សមួយ ដែលគ្របដណ្តប់លើវិស័យ AI រថយន្ត ផ្កាយរណប និងរ៉ុក្កែត៕

