អត្រាកំណើតទាបពេក ក្រិក បញ្ចេញកញ្ចប់ជំនួយជិត ២ពាន់លានដុល្លារ លើកទឹកចិញឲ្យពលរដ្ឋយកកូនច្រើន

អន្តរជាតិ

កាលពីពេលថ្មីៗនេះ​ រដ្ឋាភិបាលរបស់ប្រទេសក្រិក បានប្រកាសចេញកញ្ចប់ជំនួយជាទឹកប្រាក់ប្រមាណ ១,៨ពាន់លានដុល្លារ ដើម្បីលើកទឹកចិត្តឲ្យពលរដ្ឋរបស់ខ្លួន យកកូនបន្ថែមទៀត និងដើម្បីទប់ទល់ទៅនឹងវិបត្តិអត្រាកំណើតទាប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន ABC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយករដ្ឋមន្ត្រីក្រិក លោក Kyriakos Mitsotakis បាននិយាយកាលពីថ្ងៃទី៧ ខែកញ្ញា ជុំវិញការប្រកាសចេញកញ្ចប់ជំនួយនេះថា ៖”​ យើងបានដឹងពីទុក្ខលំបាកចំពោះថ្លៃរស់នៅដែលអ្នកមិនចង់មានកូន ឬអ្នកដែលមានកូនពីរ ឬបីនាក់កំពុងជួបប្រទះ។ យើងជឿថា អ្នកត្រូវតែផ្តល់រង្វាន់ដល់ពលរដ្ឋដែលជ្រើសរើសមានកូនច្រើន”។

លោក Mitsotakis បានសង្កត់ធ្ងន់ទៀតថា វាគឺជាកំណែដ៏ធំបំផុតមួយក្នុងរយៈពេលជាង ៥០ឆ្នាំចុងក្រោយនេះ ដោយផ្តោតទៅលើការគាំទ្រដល់គ្រួសារធំ និងលើកទឹកចិត្តយុវជនឲ្យផ្លាស់ទៅរស់នៅតំបន់ជនបទ។ យ៉ាងណាមិញ កញ្ចប់ជំនួយនេះ ត្រូវបានគេរំពឹងថានឹងអនុវត្តចាប់ពីឆ្នាំ២០២៦ តទៅ។

ជម្រាបជូនថា ប្រទេសក្រិក កំពុងប្រឈមមុខទៅនឹងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ដោយសារចំនួនប្រជាជនវ័យចំណាស់ច្រើន និងអត្រាកំណើតទាប។ បើតាម Eurostat ដែលជាទីភ្នាក់ងារស្ថិតិរបស់គណៈកម្មការអឺរ៉ុប បានព្យាករថាចំនួនប្រជាជនក្រិកនឹងធ្លាក់ចុះពី ១០,២ លាននាក់មកនៅតិចជាង ៨ លាននាក់នៅឆ្នាំ២០២៥ ។ ប្រហែល ៣៦% នៃចំនួនប្រជាជនក្រិក នឹងមានអាយុលើសពី ៦៥ឆ្នាំនៅពេលនោះ៕​