ឧកញ៉ា ម៉ុង ចាន់ថុល អគ្គនាយករង ក្រុមហ៊ុន ម៉ុងឫទ្ធីគ្រុប យល់ឃើញថា ធុរជនទាំងអស់គួររួមគ្នាពង្រឹងសហគ្រាសក្នុងស្រុក លើកកម្ពស់ភាពប្រកួតប្រជែង និងចូលរួមកសាងសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើនប្រកបដោយចីរភាព បន្ទាប់ពីរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០»។

ការលើកឡើងឡើងរបស់លោកឧកញ៉ាខាងលើនេះ គឺបន្ទាប់ពីលោកបានចូលរួមក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦។
«យុទ្ធសាស្ត្រជាតិនេះ គឺជាក្របខ័ណ្ឌគោលនយោបាយដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យកាន់តែមានភាពរឹងមាំ ប្រកួតប្រជែង និងមានចីរភាព ព្រមទាំងលើកកម្ពស់ផលិតភាព សមត្ថភាពធ្វើអាជីវកម្ម និងការបង្កើតឱកាសការងារ ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ»។ ឧកញ៉ា ម៉ុង ចាន់ថុល បានលើកឡើង។
ក្នុងនាមជាផ្នែកមួយនៃវិស័យឯកជន លោកឧកញ៉ា ម៉ុង ចាន់ថុល មានសុទិដ្ឋិនិយមថា ការអនុវត្តយុទ្ធសាស្ត្រនេះ នឹងចូលរួមបង្កើតបរិយាកាសអំណោយផលសម្រាប់ការធ្វើធុរកិច្ច ការពង្រីកការវិនិយោគ និងការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។ រួមគ្នាពង្រឹងសហគ្រាសក្នុងស្រុក លើកកម្ពស់ភាពប្រកួតប្រជែង និងចូលរួមកសាងសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើនប្រកបដោយចីរភាព៕





