ក្រសួងកសិកម្ម បើកព្រឹត្តិការណ៍ CAFE26 ស្វាគមន៍សាធារណជននៅកោះពេជ្រ ជាមួយកសិផលយុទ្ធសាស្ត្រ៩មុខ និងបច្ចេកវិទ្យាទំនើបៗ

សង្គម​ និង​សេដ្ឋកិច្ច

វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) ត្រូវបានរៀបចំឡើងជាផ្លូវការនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលដៅជំរុញពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងលើកកម្ពស់ខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជាឱ្យកាន់តែទំនើប និងមានភាពប្រកួតប្រជែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍កសិកម្មដ៏ធំប្រចាំឆ្នាំនេះ ប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីវាគ្មិនជំនាញ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ដើម្បីចែករំលែកបទពិសោធន៍ ចំណេះដឹង និងបច្ចេកវិទ្យាកសិកម្មថ្មីៗ។ ពិព័រណ៍នេះត្រូវបានរំពឹងថានឹងទាក់ទាញអ្នកចូលរួមទស្សនាប្រមាណ ២ម៉ឺន៥ពាន់នាក់ រួមទាំងបងប្អូនកសិករមកពីបណ្តាខេត្តនានាជាង ២ពាន់នាក់ផងដែរ។

នៅក្នុងពិព័រណ៍ CAFE26 នេះ មានស្តង់តាំងបង្ហាញសរុបប្រមាណ ៤០០ស្តង់ ដែលបានប្រមូលផ្តុំកសិផលយុទ្ធសាស្ត្រសំខាន់ៗចំនួន ៩មុខរបស់កម្ពុជា រួមមាន៖ អង្ករ ស្វាយចន្ទី ម្រេច បន្លែ ត្រី ដំឡូងមី កៅស៊ូ ឈើ និងស្វាយ ព្រមទាំងផលិតផលកសិ-ស្បៀងជាច្រើនប្រភេទទៀត។ បន្ថែមពីលើកសិផល ព្រឹត្តិការណ៍នេះក៏បានដាក់តាំងបង្ហាញនូវគ្រឿងយន្តកសិកម្មទំនើបៗ បច្ចេកវិទ្យាដ្រូន (Drone) ប្រព័ន្ធឌីជីថលកសិកម្ម ធាតុចូលកសិកម្ម ព្រមទាំងបច្ចេកវិទ្យាកែច្នៃ និងការវេចខ្ចប់ស្របតាមស្តង់ដារទីផ្សារផងដែរ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា វេទិកា និងពិព័រណ៍ CAFE26 ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងទាក់ទាញរំហូរទុនវិនិយោគថ្មីៗចូលក្នុងវិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃកសិ-ស្បៀងអាហារ។ ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍នេះក៏ជាវេទិកាយ៉ាងសំខាន់ក្នុងការជំរុញការអនុវត្តបច្ចេកវិទ្យា និងនវានុវត្តន៍ទំនើបៗ ដើម្បីពង្រីកសក្តានុពលទីផ្សារសម្រាប់កសិផល និងផលិតផលកែច្នៃរបស់កម្ពុជា ឱ្យកាន់តែទូលំទូលាយទាំងនៅក្នុងទីផ្សារក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕