ប្រធានាធិបតីអាមេរិកបានលាតត្រដាងថា លោកធ្លាប់បានស្នើសុំឲ្យ Google ផ្លាស់ប្ដូរការបង្ហាញមហាសមុទ្រអាត្លង់ទិកនៅលើកម្មវិធីផែនទីរបស់ពួកគេ ទៅដាក់តាមឈ្មោះរបស់លោកវិញ ប៉ុន្តែត្រូវបាន CEO លោក Sundar Pichai បានបដិសេធសំណើនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Newsweek។

ថ្លែងនៅក្នុងការជួបជុំឃោសនាបោះឆ្នោតមួយនៅរដ្ឋ South Carolina កាលពីថ្ងៃទី២១ ខែតុលា លោក ត្រាំ បានរៀបរាប់ថា លោកបានទាក់ទងទៅកាន់ CEO លោក Sundar Pichai ដើម្បីសួរថាតើ Google Maps អាចប្ដូរឈ្មោះមហាសមុទ្រអាត្លង់ទិក ឬប៉ាស៊ីហ្វិក ទៅជា «មហាសមុទ្រ ត្រាំ» បានដែរឬទេ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ CEO របស់ក្រុមហ៊ុន Google រូបនេះ បានតបវិញថា វាមិនបានជាដាច់ខាត ព្រោះថាមហាសមុទ្រជារឿងខុសគ្នា ពីដីគោក ដោយសាតែវាពាក់ព័ន្ធនឹងដែនដីរបស់ប្រទេសជាច្រើន។
ជម្រាបជូនថា នេះមិនមែនជាលើកទីមួយនោះ ដោយនៅក្នុងខែមករា ឆ្នាំ២០២៥ លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីប្តូរឈ្មោះ «ឈូងសមុទ្រម៉ិកស៊ិក» (Gulf of Mexico) ទៅជា «ឈូងសមុទ្រអាមេរិក» (Gulf of America) វិញ នៅក្នុងឯកសារ និងសកម្មភាពនានារបស់រដ្ឋាភិបាលសហព័ន្ធ។ បន្ទាប់មក ក្រុមហ៊ុន Google បានធ្វើបច្ចុប្បន្នភាពផែនទីរបស់ខ្លួន ដោយបង្ហាញឈ្មោះ «ឈូងសមុទ្រអាមេរិក» ដល់អ្នកប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក ខណៈពេលដែលអ្នកប្រើប្រាស់នៅក្នុងតំបន់ផ្សេងទៀត នៅតែឃើញឈ្មោះថា «ឈូងសមុទ្រម៉ិកស៊ិក» ដដែល៕

