គ្រាន់តែការនាំចេញបង្គា វៀតណាម កើបចំណូលបានជិត ៤ពាន់លានដុល្លារ ត្រឹម ៩ខែដំបូង

អន្តរជាតិ

នៅក្នុងរយៈពេលត្រឹមតែ ៩ខែដំបូងនៃឆ្នាំ២០២៦ នេះ ការនាំចេញបង្គារបស់ប្រទេសវៀតណាម បានកើនឡើងដល់ ១១% បើធៀបទៅនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំមុន ដែលមានចំនួនទឹកប្រាក់សរុប ៣,៧ពាន់លានដុល្លារ ជំរុញដោយការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រទេសចិននៅតែជាទីផ្សារធំជាងគេបំផុត ជាមួយនឹងការទិញបង្គាពីវៀតណាម នៅក្នុងទំហំទឹកប្រាក់សរុបជិត ១,២ពាន់លានដុល្លារ (ឬស្មើនឹង ៣៣% នៃការនាំចេញសរុប) កើនឡើង ៣៧%។ បើគួបផ្សំជាមួយទីផ្សារហុងកុង ការនាំចេញបានកើនឡើងដល់ ១,៣ពាន់លានដុល្លារ។

ប៉ុន្តែទោះជាយ៉ាងណា សម្រាប់ទីផ្សារសហរដ្ឋអាមេរិក បានធ្លាក់ចុះ ១៥% មកនៅត្រឹម ៤៩៨លានដុល្លារ (ដោយសាររងសម្ពាធពន្ធគយ និងកាតព្វកិច្ចប្រឆាំងការលក់បង្ខូចថ្លៃ) ខណៈការនាំចេញទៅកាន់ សហភាពអឺរ៉ុប (EU) បានធ្លាក់ចុះ ៤,៩% មកនៅត្រឹម ៤០៦,៤លានដុល្លារ។

ទន្ទឹមនឹងនេះ​ ការនាំចេញទៅកាន់ប្រទេសជប៉ុន អូស្ត្រាលី កាណាដា និងបណ្តាប្រទេសកិច្ចព្រមព្រៀង CPTPP មានកំណើនល្អប្រសើរ ដែលជួយទូទាត់ការធ្លាក់ចុះនៅទីផ្សារអាមេរិក និងអឺរ៉ុប។

គួរជម្រាបជូនផងដែរថា ប្រសិនបើការនាំចេញប្រចាំខែក្នុងត្រីមាសទី៤ នៅតែរក្សាបានកម្រិត ៤៧០ ដល់ ៤៨០លានដុល្លារនោះ តួលេខនាំចេញសរុបពេញមួយឆ្នាំអាចនឹងឈានដល់ ៥,១ ដល់ ៥,២ពាន់លានដុល្លារ៕​