ឱកាសល្អក្នុងវិស័យសុខាភិបាល! បារាំងត្រៀមទទួលគ្រូពេទ្យឯកទេសកម្ពុជាទៅបណ្តុះបណ្តាលនៅប៉ារីស ដើម្បីលើកកម្ពស់សុខភាពស្ត្រី

សង្គម​ និង​សេដ្ឋកិច្ច

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកទឹកចិត្តដល់អង្គការ AIRES Global Health និងដៃគូ ឱ្យបន្តពិចារណាពង្រីកឱកាសអាហារូបករណ៍ និងកម្មវិធីបណ្តុះបណ្តាលជំនាញឯកទេសនៅប្រទេសបារាំង ដើម្បីឆ្លើយតបទៅនឹងតម្រូវការអាទិភាពនៃប្រព័ន្ធសុខាភិបាលកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការថ្លែងនេះ ធ្វើឡើងក្នុងឱកាសដែលលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានទទួលជួបសម្តែងការគួរសមជាមួយ លោកស្រីសាស្ត្រាចារ្យ Véronique Phé ស្ថាបនិក និងជាប្រធានអង្គការ AIRES Global Health នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង លើការលើកកម្ពស់សុខភាពស្ត្រី និងការអភិវឌ្ឍសមត្ថភាពធនធានមនុស្សតាមរយៈកម្មវិធី LOTUS។

ក្នុងជំនួបនោះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការ AIRES Global Health និងមូលនិធិ Pierre Fabre ដែលបានជួយគាំទ្រការបណ្តុះបណ្តាល និងផ្ទេរចំណេះដឹងវេជ្ជសាស្ត្រ ជាពិសេសលើការបង្ការ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលបញ្ហាប្រព័ន្ធទឹកនោម ព្រមទាំងសរីរាង្គអាងត្រគាករបស់ស្ត្រី ដូចជាបញ្ហាលេចនោម និងការធ្លាក់សរីរាង្គអាងត្រគាក ដែលជាកត្តាសំខាន់ក្នុងការកែលម្អគុណភាពជីវិត និងសុខុមាលភាពរបស់ស្ត្រីទាំងនៅកម្រិតជាតិ និងសហគមន៍។

ជាការឆ្លើយតប លោកស្រីសាស្ត្រាចារ្យ Véronique Phé បានគូសបញ្ជាក់ថា ក្រោមកិច្ចសហការនៃកម្មវិធី LOTUS ក្រៅពីការរៀបចំថ្នាក់បណ្តុះបណ្តាលកម្រិតខ្ពស់ (Masterclass) ភាគីបារាំងក៏មានគំនិតផ្តួចផ្តើមបញ្ជូនគ្រូពេទ្យឯកទេសផ្នែកប្រព័ន្ធទឹកនោមវ័យក្មេងកម្ពុជាចំនួន ៣រូប មកពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះកុសុមៈ និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ទៅបំពេញកម្មសិក្សាសង្កេតផ្ទាល់នៅទីក្រុងប៉ារីស ដើម្បីពង្រឹងជំនាញឯកទេស និងនាំយកបទពិសោធន៍មកបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕