ជាង ៣០០ក្រុមហ៊ុន និងអ្នកវិនិយោគជិត៧០០ នាក់ បានមកប្រជុំកំពូលធុរកិច្ចអាស៊ាន នៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងក្រោមមូលបទ “ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តឧស្សាហកម្ម”។តាមរយៈកិច្ចប្រជុំនេះ មានបណ្តាក្រុមហ៊ុនទាំងជាតិ និងអន្តរជាតិជាង៣០០ក្រុមហ៊ុន និងអ្នកធុរកិច្ចជិត៧០០ នាក់ បានចូលរួមកិច្ចប្រជុំនេះផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងកិច្ចប្រជុំ កាលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦  ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាភ្នំពេញ បានបង្ហាញពីតួនាទីយ៉ាងសកម្មរបស់កម្ពុជាក្នុងនាមជារដ្ឋសមាជិកអាស៊ាន ក្នុងការលើកកម្ពស់កត្តាសំខាន់ៗទាំងនេះជាបន្តបន្ទាប់។ សមិទ្ធផលសំខាន់ៗរួមមាន ការអនុម័តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ឆ្នាំ២០២៣-២០៣៣, ការដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិតេជោដែលទើបនឹងបើកដំណើរការថ្មីៗនេះ ក៏ដូចជាគម្រោងកំពុងដំណើរការដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ព្រែកជីកហ្វូណនតេជោ និងការពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

លើសពីនេះ ឯកឧត្តមបានលើកឡើងពីការពិនិត្យឡើងវិញនូវគោលនយោបាយពាណិជ្ជកម្មឆ្នាំ២០២៥ របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលបានទទួលស្គាល់ការអនុវត្តពេញលេញរបស់កម្ពុជាលើការប្តេជ្ញាចិត្តនៃកិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្ម ចាប់តាំងពីខែមករា ឆ្នាំ២០២៥។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់វិនិយោគិន ឱ្យចាប់យកកាលានុវត្តវិនិយោគនៅក្នុងប្រទសកម្ពុជាឱ្យបានឆាប់រហ័ស ដោយបានគូសបញ្ជាក់អំពីកត្តាសំខាន់ៗមួយចំនួនរួមមាន រាជរដ្ឋាភិបាលដែលគាំទ្រវិស័យឯកជន កម្លាំងពលកម្មវ័យក្មេងនិងស្វាហាប់ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងរបបវិនិយោគដ៏បើកទូលាយរបស់កម្ពុជា ដែលកត្តាទាំងនេះបានផ្តល់នូវឱកាសវិនិយោគដ៏មានសក្តានុពល។ តាមរយៈការគាំទ្រពីកំណែទម្រង់គោលនយោបាយ ការសម្រួលនីតិវិធី និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព កម្ពុជាអាចផ្តល់ជូនវិនិយោគិននូវការចូលទៅកាន់ទីផ្សារពិភពលោក ដែលមានអ្នកប្រើប្រាស់រាប់ពាន់លាននាក់។

សូមជម្រាប់ថា នេះគឺជាឆ្នាំទី៣ ជាប់ៗគ្នា ដែលកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាត្រូវបានរៀបចំឡើងនៅក្នុងរាជធានីភ្នំពេញ។ សម្រាប់កិច្ចប្រជុំឆ្នាំ២០២៦ នេះ មានការចូលរួមពីក្រុមហ៊ុនជាតិ និងអន្តរជាតិជាង ៣០០ ក្រុមហ៊ុន និងថ្នាក់ដឹកនាំធុរកិច្ចជិត ៧០០ នាក់។ លើសពីតួលេខទាំងនេះ វេទិកានេះដើរតួជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការផ្សារភ្ជាប់ទំនាក់ទំនងកម្រិតខ្ពស់ និងការផ្គូរផ្គងអាជីវកម្ម ដែលជំរុញសមាហរណកម្មតំបន់ និងស្មារតីសហការដើម្បីជំរុញអាស៊ានឆ្ពោះទៅមុខ៕ អត្ថបទ៖ ហ្សាលីន