សហព័ន្ធស្រូវអង្ករ អះអាងថា កម្ពុជាអាច​សម្រេច​ការនាំចេញ​បាន​១​លា​ន​តោននៅឆ្នំា២០២៥ ប្រសិនបើជម្រុញទីផ្សារទៅ​បណ្តាប្រទេស ដែ​ល​​អង្ករ​កម្ពុជា​មិនទាន់​ទៅដល់

សង្គម​និង​សេដ្ឋកិច្ច

ស្របពេលអង្ករប្រណិតរបស់កម្ពុជា ប្រមាណជាង២៥០០តោន បាននាំចេញទៅទីផ្សារប្រទេសហ្វីលីពីន លោកឧកញ៉ា ចាន់ សុឃំាង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញភាពជឿជាក់ថា នៅឆ្នំា២០២៥ខាងមុខ កម្ពុជា អាចឈានទៅសម្រេចការនាំចេញអង្ករបាន១លានតោន ប្រសិនបើកម្ពុជា ដោះស្រាយបញ្ហានៅក្នុងស្រុក និងជំរុញទីផ្សារឱ្យមានការទទួលស្គាល់អង្ករកម្ពុជា ឱ្យបានកាន់តែច្រើននៅតាមប្រទេសដែលអង្ករកម្ពុជា មិនទាន់ចូលទៅដល់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ចាន់ សុឃំាង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា មានប្រសាសន៍ថា «នៅក្នុងផែនការសហព័ន្ធស្រូវអង្ករកម្ពុជា យើងបានត្រៀមលក្ខណៈ និងកសាងរចនាសម្ព័ន្ធ ព្រមទំាងយុទ្ធសាស្ត្រផ្សេងៗ ដើម្បីជំរុញទីផ្សារខាងក្រៅប្រទេសបានស្គាល់អង្ករកម្ពុជាបានកាន់តែច្រើននោះ ហើយយើងគិតថានៅឆ្នំា២០២៥ខាងមុខ យើងនឹងអាចឈានទៅសម្រេចការនំាចេញអង្ករកម្ពុជា១លានតោនបាន»។

លោកឧកញ៉ា បន្តថា តែឥឡូវនេះវានៅមានការកិច្ចការពាក់ព័ន្ធមួយចំនួន ដែលយើងត្រូវធ្វើការដោះស្រាយជាបន្តបន្ទាប់ ដូចជាការជំរុញទីផ្សារឱ្យមានការទទួលស្គាល់ ការស្គាល់ឱ្យបានចម្រុះហើយស្គាល់ឱ្យបានច្រើននៅតាមប្រទេសដែលអង្ករកម្ពុជាមិនទាន់នាំចូលទៅដល់។

លោកឧកញ៉ាសង្កត់ធ្ងន់ថា« សម្រាប់បញ្ហាប្រឈមដែលយើងត្រូវដោះស្រាយបន្តទៀតនៅខាងក្នុងស្រុកយើងនេះ យើងកំពុងធ្វើការដើម្បីស្វែងរកលទ្ធភាព និងដំណោះសា្រយមួយចំនួន ដើម្បីជំរុញឱ្យពួកគាត់មានសមត្ថភាពក្នុងការផលិតបានកាន់តែច្រើន ហើយមានសមត្ថភាពគ្រប់គ្រងស្តុកបានរឹតតែច្រើនជាងមុន»។

ពាក់ព័ន្ធនិងវិស័យស្រូវអង្ករកម្ពុជា លោកឧកញ៉ា ចាន់ សុឃំាង លើកឡើងថា កម្ពុជាបាននាំចេញអង្ករទៅប្រទេសហ្វីលីពីនក្នុងទ្រុងទ្រាយធំ ក្នុងបរិមាណអង្ករ២៥៧៥តោន ហើយជាប្រភេទអង្ករប្រណិត ហើយក៏មានកិច្ចសន្យាបន្តនាំចេញចំនួន២៥០០តោនថែមទៀត និងមានកិច្ចសន្យាជាមួយក្រុមហ៊ុនមួយចំនួនផ្សេងទៀតកំពុងពិភាក្សាគ្នា និងឈានទៅរកការនាំចេញនៅពេលខាងមុខ។

លោកឧកញ៉ា បញ្ជាក់ថា «ទីផ្សារប្រទេសហ្វីលីពីននេះមានសក្តានុពលធំ ហើយជាប្រទេសនំាចូលអង្ករកម្រិតធំទី៤នៅលើពិភពលោក ហើយបើយើងប្រៀបនៅតំបន់អាស៊ីគឺជាប្រទេសនាំចូលអង្ករធំទី២បន្ទាប់ពីប្រទេសចិន ហើយការងារដែលយើងត្រូវធ្វើបន្តទៀតគឺធ្វើយ៉ាងម៉េចជំរុញអ្នកប្រើប្រាស់អង្ករកម្ពុជានៅក្នុងប្រទេសហ្វីលីពីន ឱ្យគាត់បានស្គាល់អំពីគុណភាពរបស់អង្ករកម្ពុជា ក៏ដូចជាអំពីស្តង់ដារ និងសក្តានុពលអង្ករកម្ពុជាយើងដែលអាចផ្គត់ផ្គង់ចូលទៅក្នុងប្រទេសហ្វីលីពីន។លើសពីនេះជំរុញការផ្សព្វផ្សាយបន្ថែមទៀត តាមរយៈយន្តការផ្សេងៗដែលយើងអាចធ្វើបាន ដើម្បីឈានទៅរកការនំាចេញក្នុងបរិមាណច្រើនជាងពេលកន្លងមក»៕
អត្ថបទ៖សារេត