អ្នកឧកញ៉ា សៀ ឬទ្ធី៖ ការថមថយនៃវិស័យអចលនទ្រព្យ គឺជាឱកាសឱ្យអ្នកជំនួញងាកមកវិនិយោគលើវិស័យកសិកម្ម

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប បានគូសបញ្ជាក់ថា វិស័យកសិកម្មនៅកម្ពុជាកំពុងមានការរីកចម្រើន និងជាឱកាសដ៏ល្អសម្រាប់អ្នកជំនួញក្នុងស្រុកងាកមកបណ្ដាក់ទុនវិនិយោគ ជាពិសេសនៅក្នុងអំឡុងពេលដែលវិស័យអចលនទ្រព្យមានភាពថមថយ។ ការលើកឡើងនេះ ធ្វើឡើងនៅក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងវេទិកានោះ អ្នកឧកញ៉ា សៀ ឬទ្ធី បានពន្យល់ថា កន្លងមកអ្នករកស៊ី និងឧកញ៉ាជាច្រើនតែងតែសម្លឹងមើលតែការវិនិយោគលើវិស័យអចលនទ្រព្យប៉ុណ្ណោះ ប៉ុន្តែនៅពេលវិស័យអចលនទ្រព្យធ្លាក់ចុះ វាបានក្លាយជាឱកាសមួយដែលជំរុញឱ្យពួកគាត់ងាកមកសម្លឹងមើលវិស័យកសិកម្មវិញ។  អ្នកឧកញ៉ា បានបន្ថែមថា ក្រុមហ៊ុនរបស់អ្នកឧកញ៉ាទើបតែបានបង្កើតមូលនិធិមួយ ដើម្បីប្រមូលផ្ដុំទុនទាំងក្នុងស្រុក និងក្រៅស្រុក សំដៅផ្សារភ្ជាប់ទំនុកចិត្តរបស់អ្នកវិនិយោគទៅនឹងការអភិវឌ្ឍវិស័យកសិកម្ម។

ជាមួយគ្នានេះ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការធ្វើពិពិធកម្មទៅលើផលិតផលកសិកម្មណាដែលអាចបង្កើនតម្លៃបន្ថែម និងមានភាពងាយស្រួលក្នុងការដឹកជញ្ជូននាំចេញ ក្រៅពីវិស័យស្រូវ-អង្ករដែលកំពុងមានការប្រកួតប្រជែងខ្លាំងទាំងក្នុងតំបន់ និងពិភពលោក៕