លោក ឌិត ទីណា៖ ទីផ្សារកសិផលមិនមែនគិតតែរឿងលក់បានថ្លៃមួយមុខទេ តែត្រូវគិតគូរទាំងគុណភាព បរិមាណ និងតម្លៃ

សង្គម​ និង​សេដ្ឋកិច្ច

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការដោះស្រាយបញ្ហាទីផ្សារកសិផលមិនមែនគ្រាន់តែជាការធ្វើឱ្យទំនិញលក់បានតម្លៃថ្លៃមួយមុខនោះទេ ប៉ុន្តែទាមទារឱ្យមានការគិតគូរព្រមគ្នាលើកត្តាគន្លឹះទាំង ៣ គឺ គុណភាព បរិមាណ និងតម្លៃ ដែលត្រូវដើរទន្ទឹមគ្នាជាលក្ខណៈបុរេសកម្មតាមរយៈការរៀបចំសហគមន៍កសិកម្ម។ ការគូសបញ្ជាក់របស់លោករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦  នា ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងវេទិកានោះ លោក ឌិត ទីណា បានពន្យល់ថា មជ្ឈដ្ឋានភាគច្រើនតែងតែនិយាយអំពីពាក្យថា ទីផ្សារ ដោយគិតត្រឹមតែធ្វើឱ្យកសិផលលក់បានថ្លៃប៉ុណ្ណោះ។ លោកបានពន្យល់ថា តាមពិតទៅ កសិផលខ្លះមានតម្លៃខ្ពស់ ប៉ុន្តែទីផ្សារមិនអាចស្រូបយកអស់នូវបរិមាណដែលផលិតលើសតម្រូវការនោះឡើយ ហើយនៅពេលផលិតលើសលប់ តម្លៃនឹងធ្លាក់ចុះដោយឯកឯង។ លោកបានលើកឧទាហរណ៍អំពីការដាំបន្លែត្រកួនថា ប្រសិនបើកសិករនាំគ្នាសម្រុកដាំត្រកួនទាំងអស់គ្នារហូតដល់ជន់ជោរ អ្នកបរិភោគទិញយកទៅឆា ស្ល ឬម្ជូរត្រកួនញ៉ាំរាល់ថ្ងៃរហូតដល់ធុញទ្រាន់ នឹងនាំគ្នាប្ដូរទៅរកបន្លែផ្សេង ដែលធ្វើឱ្យត្រកួនសល់ពេញទីផ្សារ និងធ្លាក់ថ្លៃ។

ទន្ទឹមនឹងការគ្រប់គ្រងបរិមាណ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កត្តាគុណភាព និងសុវត្ថិភាពចំណីអាហារក៏ត្រូវបានក្រសួងយកចិត្តទុកដាក់ខ្ពស់ផងដែរ ដើម្បីឆ្លើយតបទៅនឹងក្ដីបារម្ភរបស់ប្រជាពលរដ្ឋជុំវិញបញ្ហាសំណល់ថ្នាំគីមី។

លោក ឌិត ទីណា បានបញ្ជាក់ជូនសាធារណជនថា បច្ចុប្បន្នផលិតផលដំណាំនៅកម្ពុជាត្រូវបានបែងចែកជា ៣ ប្រភេទ រួមមាន៖ ប្រភេទទី១ ជាផលិតផលដាំដុះតាមរបៀបធម្មតា ដែលមិនមានការធ្វើតេស្តបញ្ជាក់កម្រិតសំណល់គីមី។ ប្រភេទទី២ ជាផលិតកម្មដែលអនុវត្តតាមបទដ្ឋានកសិកម្មល្អ និងមានការធ្វើតេស្តពិនិត្យត្រឹមត្រូវទុកជាមុន ដើម្បីធានាថាគ្មានសំណល់ជាតិគីមីលើសកម្រិត មុននឹងប្រមូលផលយកមកដាក់លក់ និងប្រភេទទី៣ ជាផលិតផលដែលមិនប្រើប្រាស់ជី ឬថ្នាំគីមីទាំងអស់ ដោយមានការថែទាំតឹងរ៉ឹង និងមានតម្លៃខ្ពស់ជាងបន្តិច ប៉ុន្តែធានាបាននូវគុណភាពខ្ពស់ និងនិរន្តរភាពសម្រាប់អ្នកបរិភោគ។

លោក ឌិត ទីណា បានបន្ថែមថា ការរៀបចំផលិតកម្មតាមសហគមន៍កសិកម្មទំនើប ជួយឱ្យក្រសួងអាចផ្ដល់បច្ចេកទេសដាំដុះដល់កសិករបានដោយផ្ទាល់ គណនាដឹងច្បាស់ពីថ្លៃដើមផលិតកម្ម និងផ្គូផ្គងជាមួយតម្រូវការទីផ្សារជាក់ស្ដែង ដូចដែលបានដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍កសិកម្មកម្ពុជា រយៈពេល ៣ ថ្ងៃ (២៣-២៥ ខែតុលា ឆ្នាំ២០២៦) នៅមជ្ឈមណ្ឌលកោះពេជ្រ៕