អ្នកឧកញ៉ា សៀ ឬទ្ធី៖ ហេតុអ្វីក្រុមហ៊ុនដឹកជញ្ជូនខ្នាតយក្សបរទេសមិនទាន់ហ៊ានបោះទុនលើវិស័យកសិកម្មកម្ពុជា?

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប បានថ្លែងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធឃ្លាំងស្តុក ឡសម្ងួត  និងតំបន់សេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្ម រួមជាមួយនឹងការរៀបចំប្រព័ន្ធទិន្នន័យនាំចេញកសិផលឱ្យបានច្បាស់លាស់ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការផ្ដល់ហិរញ្ញប្បទានដល់អ្នកផលិត និងទាក់ទាញក្រុមហ៊ុនវិនិយោគធំៗមកកាន់វិស័យកសិកម្មកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ាបានថ្លែងបែបនេះ នៅក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

ក្នុងនាមជាម្ចាស់ធនាគារ និងជាអ្នកវិនិយោគក្នុងស្រុកមួយរូប អ្នកឧកញ៉ា សៀ ឬទ្ធី បានពន្យល់ថា មូលហេតុដែលស្ថាប័នហិរញ្ញវត្ថុរបស់លោកអាចបញ្ចេញទុនកម្ចីជាច្រើនទៅលើវិស័យកសិកម្មបាន គឺដោយសារក្រុមហ៊ុនមានឃ្លាំងស្តុក និងឡសម្ងួតផ្ទាល់ខ្លួន។ នៅពេលអ្នកផលិតយកកសិផលមករក្សាទុកក្នុងឃ្លាំងរបស់ក្រុមហ៊ុន ទំនិញទាំងនោះនឹងក្លាយជាទ្រព្យធានា ដោយផ្ទាល់ ដែលអនុញ្ញាតឱ្យពួកគាត់អាចស្នើសុំខ្ចីប្រាក់ចាប់ពីកម្រិតតូចៗដូចជា ២០ម៉ឺនដុល្លារ ទៅតាមបរិមាណផលិតផលជាក់ស្ដែងក្នុងឃ្លាំង ហើយអ្នកទិញបន្តក៏មានទំនុកចិត្តខ្ពស់ផងដែរ។

អ្នកឧកញ៉ាបានបន្ថែមថា កាលពីខែមុន ក្រុមហ៊ុនក៏បានសម្ពោធតំបន់សេដ្ឋកិច្ចពិសេស (SEZ) កសិ-ឧស្សាហកម្មមួយ ដើម្បីបង្កើនផលិតភាពប្រកួតប្រជែង និងប្រើប្រាស់ទីតាំងនោះជាមូលដ្ឋានក្នុងការកៀរគរមូលនិធិ (Fund) ពីបណ្ដាឧកញ៉ាជាមិត្តភក្ដិ យកមកជួយគាំទ្រដល់អ្នកធ្វើកសិកម្មដែលមានទំនិញស្តុកទុកក្នុងឃ្លាំងស្រាប់។

ទោះជាយ៉ាងណា អ្នកឧកញ៉ា សៀ ឬទ្ធី បានកត់សម្គាល់ដោយក្ដីសោកស្ដាយថា បច្ចុប្បន្នក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិធំៗដូចជា DHL ឬ Damco ជាដើម បានផ្ដោតតែលើការដឹកជញ្ជូនផលិតផលកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរក្នុងទម្រង់ជាភ្នាក់ងារបញ្ជូនទំនិញប៉ុណ្ណោះ ដោយមិនទាន់ហ៊ានបោះទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធកសិកម្មនៅកម្ពុជានៅឡើយ។

តាមរយៈការពិភាក្សាផ្ទាល់ជាមួយក្រុមហ៊ុនអន្តរជាតិទាំងនោះ អ្នកឧកញ៉ាបានឱ្យដឹងថា មូលហេតុចម្បងគឺដោយសារកង្វះខាតតួលេខទិន្នន័យផ្លូវការច្បាស់លាស់ ព្រោះការនាំចេញកសិផលកម្ពុជាភាគច្រើនធ្វើឡើងឆ្លងកាត់ព្រំដែន ទៅកាន់ប្រទេសវៀតណាម មុននឹងបន្តទៅកាន់ទីផ្សារប្រទេសចិន។

សូមបញ្ជាក់ថា វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដែលរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលកោះពេជ្រ បានប្រមូលផ្ដុំតួអង្គពាក់ព័ន្ធទាំងវិស័យសាធារណៈ វិស័យឯកជន វិនិយោគិន និងកសិករ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងខ្សែច្រវាក់ផលិតកម្ម ភស្តុភារកម្ម និងការពង្រីកទីផ្សារនាំចេញកសិផលកម្ពុជាដោយផ្ទាល់ទៅកាន់ទីផ្សារអន្តរជាតិ៕