នៅក្នុងការជួញដូរចុងក្រោយ នៅថ្ងៃទី២៦ ខែតុលា តម្លៃប្រេងឆៅក្នុងមួយបារ៉ែល បានធ្លាក់ចុះជិត ២% ដែលជាសញ្ញាថមថយមួយ បន្ទាប់ពីវាបានកើនឡើងជាបន្តបន្ទាប់អស់រយៈពេលច្រើនថ្ងៃ ដោយសារតែជម្លោះនៅមជ្ឈិមបបូព៌ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅដើមសប្តាហ៍នេះ តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ១,៦% មកនៅត្រឹម ១១៤,៨ដុល្លារក្នុងមួយបារ៉ែល។ ចំណែកឯតម្លៃប្រេងឆៅប្រភេទ WTI របស់សហរដ្ឋអាមេរិកវិញ បានធ្លាក់ចុះជិត ២% មកនៅត្រឹម ១០១ដុល្លារ។
យ៉ាងណាមិញ ទីផ្សារប្រេងឆៅបានធ្លាក់ចុះ បន្ទាប់ពីមានការកើនឡើងយ៉ាងខ្លាំងអស់រយៈពេលជាច្រើនថ្ងៃ ទោះបីជានៅតែមានក្តីបារម្ភអំពីស្ថានភាពនៅក្នុងតំបន់មជ្ឈិមបូព៌ាក៏ដោយ។ ថ្មីៗនេះ កងកម្លាំង Houthi ដែលគាំទ្រដោយអ៊ីរ៉ង់បានបើកការវាយប្រហារជាបន្តបន្ទាប់ទៅលើប្រទេសអារ៉ាប៊ីសាអូឌីត ដែលបង្កឱ្យមានក្តីបារម្ភអំពីការផ្គត់ផ្គង់ថាមពលនៅក្នុងតំបន់នោះ។
ជម្រាបជូនថា កាលពីចុងសប្តាហ៍មុន តម្លៃប្រេង Brent បានកើនឡើងលើសពី ១១៦ដុល្លារមួយរយៈពេលខ្លី ដែលជាកម្រិតខ្ពស់បំផុតគិតចាប់តាំងពីចុងខែមេសាមក។ នៅចុងសប្តាហ៍នោះ តម្លៃប្រេង Brent បានកើនឡើង ៦% ខណៈពេលដែលតម្លៃប្រេង WTI បានកើនឡើងជាង ២%៕

