កូរ៉េខាងត្បូង ស្នើកញ្ចប់ថវិកាមហាសាលជិត ៦០០ពាន់លានដុល្លារ ដើម្បីជំរុញលើ AI នៅឆ្នាំក្រោយ

អន្តរជាតិ

ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី១ ខែកញ្ញា បានបង្ហាញពីផែនការចំណាយសម្រាប់ឆ្នាំសារពើពន្ធ២០២៧ របស់ខ្លួន នៅក្នុងចំនួនកំណត់ត្រារហូតដល់ទៅ ៨២១ទ្រីលានវ៉ុន (៥៩៦,៩ពាន់លានដុល្លារ) ដើម្បីពង្រឹងជំហរនៅក្នុងវិស័យបច្ចេកវិទ្យារបស់ប្រទេស ចំពេលមានការប្រកួតប្រជែង AI ជាសកល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសំណើថវិកាប្រចាំឆ្នាំរបស់ខ្លួន ក្រសួងថវិកាកូរ៉េខាងត្បូង បាននិយាយថា ផែនការចំណាយនេះតំណាងឱ្យការកើនឡើង ១២,៨% ពីឆ្នាំ២០២៦ ដែលជាការកើនឡើងច្រើនបំផុតពីមួយឆ្នាំទៅមួយឆ្នាំក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។

គួរឲ្យដឹងផងដែរថា ជុំវិញការកើនឡើងនៃការចំណាយជាប្រវត្តិសាស្ត្រនេះ គឺអាចធ្វើទៅបានដោយសារផលចំណេញពីឧស្សាហកម្មបន្ទះឈីប Semiconductor របស់ប្រទេស។ ក្នុងនោដែរក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស Samsung Electronics និង SK Hynix កំពុងបង្កើតប្រាក់ចំណេញដែលមិនធ្លាប់មានពីមុនមកដែលជំរុញដោយតម្រូវការសកលសម្រាប់បន្ទះឈីបអង្គចងចាំកម្រិតខ្ពស់ (HBM) ដែលយកទៅប្រើប្រាស់ជាសំខាន់នៅក្នុង AI។

ទន្ទឹមនឹងនេះ​ យោងតាមរដ្ឋមន្ត្រីក្រសួងផែនការ និងថវិកា លោក Park Hong-keun បានបង្ហាញឲ្យដឹងទៀតថា កញ្ចប់ថវិកានេះ ក៏នឹងរួមបញ្ចូលទៅក្នងវិស័យការពារជាតិផងដែរ ដោយបែងចែកសម្រាប់កម្មវិធីផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងអាវុធយុទ្ធសាស្រ្តផ្សេងៗទៀត។

មិនតែប៉ុណ្ណោះ យោងតាមប្រធានាធិបតី លោក Lee Jae Myung បានមានប្រសាសន៍នៅថ្ងៃដដែលនោះថា សេដ្ឋកិច្ចកូរ៉េខាងត្បូងកំពុងស្ថិតនៅចំណុចមួយដែលការដំឡើងអត្រាការប្រាក់មិនអាចជៀសវាងបាន ដែលប្រថុយនឹងការធ្លាក់ចុះសក្តានុពលកំណើន នៅពេលដែលអ្នកមានជីវភាពខ្វះខាតក្នុងសង្គមកំពុងរងផលប៉ះពាល់នៃថ្លៃដើមខ្ចីប្រាក់ខ្ពស់៕​