ប្រជាជនចិន អាចចាយដល់ជិតមួយពាន់លានដុល្លារ អំឡុងពិធីបុណ្យចូលឆ្នាំ

អន្តរជាតិ

បើតាមសារព័ត៌មានធំៗជាច្រើននៅលើពិភពលោក បានបង្ហាញការរំពឹងទុកយ៉ាងទូលំទូលាយថា ការចាយវាយរបស់ប្រជាជនចិន អាចនឹងមានការកើនឡើងខ្ពស់បំផុតមួយ អំឡុងថ្ងៃឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន បន្ទាប់ពីរដ្ឋាភិបាលប្រទេសនេះ បានសម្រេចដកចេញនូវច្បាប់រឹងបន្តឹង ក៏ដូចជាការធ្វើឱ្យប្រសើឡើងចំពោះការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩ ក្នុងរយ:ពេលថ្មីៗចុងក្រោយនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនតែប៉ុណ្ណោះ ចាប់តាំងពីមានការបង្កើនប្រសិទ្ធិភាពជុំវិញវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះមក ទីភ្នាក់ងារអន្តរជាតិ និងស្ថាប័នហិរញ្ញវត្ថុធំៗជាច្រើន បានសម្តែងសុទិដ្ឋិនិយមខ្ពស់ ចំពោះទស្សនវិស័យនៃការស្ទុះងើបសេដ្ឋកិច្ចរបស់ប្រទេសចិនឡើងវិញ នៅក្នុងឆ្នាំ ២០២៣ នេះផងដែរ ជាពិសេសនៅអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ដែលជាព្រឹត្តិការណ៍ដ៏សំខាន់បំផុត នៅក្នុងប្រទេស ។

តួយ៉ាង បើតាមទិន្នន័យដែលទទួលបានពីសារព័ត៌មាន Global Times បានបង្ហាញឱ្យដឹងថា អំឡុងពិធីបុណ្យដ៏ធំប្រចាំឆ្នាំនេះ អាចនឹងមានចំនួនភ្ញៀវទេសចរសរុប ២,០៩ ពាន់លាននាក់ ពោលគឺបានកើនឡើង ៩៩,៥% ពីកម្រិតអ្នកដំណើរ កាលពីឆ្នាំ ២០២២ ខណ:ស្ថិតិនេះរាប់បញ្ចូលទាំងចំនួនអ្នកធ្វើដំណើរនៅក្នុងស្រុក និងភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកលេងកម្សាន្ត នៅក្នុងប្រទេសចិន ។

ជុំវិញការសម្រុកចេញធ្វើដំណើរដ៏ច្រើនសម្បើមបែបនេះ អាចនឹងនាំឱ្យមានការហក់ឡើងខ្ពស់ទៅលើវិស័យជាច្រើន រួមទាំងទេសចរណ៍ ការទទួលទានអាហារ ការលក់រាយ និងសកម្មភាពកម្សាន្តផ្សេង នៅក្នុងប្រទេសចិនទៀតផងដែរ ។

លើសពីនេះ បើតាមទិន្នន័យដែលទទួលបានពីភ្នាក់ងារទេសចរណ៍តាមប្រព័ន្ធអ៊ីនធឺណិត បានបង្ហាញថា ការបញ្ជាទិញកញ្ចប់ដំណើរកម្សាន្តផ្លូវឆ្ងាយអំឡុងថ្ងៃបុណ្យចូលឆ្នាំនេះ មានចំនួនកើនឡើងដល់ ៧២% បើធៀបនឹងឆ្នាំមុន។

ទន្ទឹមនឹងនេះ អំឡុងរយ:ពេល ៧ ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន សម្រាប់ឆ្នាំ ២០២៣ ការចាយវាយរបស់ប្រជាជនចិន ត្រូវបានគេប៉ាន់ប្រមាណថា នឹងឈានដល់ ៦,៥ ពាន់លានយ៉ន់ ឬ ៩៧០ លានដុល្លារ ដែលកើនឡើង ៧,៨% ធៀបទៅនឹងឆ្នាំ ២០២២។

ដូចគ្នានេះផងដែរ បើគិតចាប់តាំងពីចុងខែធ្នូឆ្នាំមុនមក ការរៀបចំគ្រឿង​ប្រដាប់ប្រដា​ ឬទំនិញសម្រាប់ត្រៀមក្នុងពិធីបុណ្យចូលឆ្នាំចិន បានកើនឡើងយ៉ាងគំហុគ ដល់ ២២៦% បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំទៅ។ នេះបើយោងតាមទិន្នន័យដែលទទួលបានពីវេបសាយលក់ទំនិញអនឡាញរបស់ប្រទេសចិន៕