អាមេរិក និងកាណាដា កំពុងបន្តពិភាក្សាគ្នាជុំវិញការកាត់បន្ថយពន្ធលើដែកថែប និងរថយន្ត

អន្តរជាតិ

សហរដ្ឋអាមេរិក និងកាណាដា កំពុងពិភាក្សាគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីបន្ធូរបន្ថយពន្ធរបស់សហរដ្ឋអាមេរិកលើដែកថែប និងរថយន្តរបស់កាណាដា ខណៈពេលដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរព្យាយាមស្តារទំនាក់ទំនងឡើងវិញ បន្ទាប់ពីទំនាក់ទំនងនេះបានធ្លាក់ចុះ នៅពេលដែលកិច្ចចរចាពាណិជ្ជកម្មបានបរាជ័យ កាលពីខែសីហា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញកិច្ចចរចានេះ គឺផ្តោតលើពន្ធដែលត្រូវបានដាក់ចេញក្រោមផ្នែកទី២៣២ នៃច្បាប់ពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលរួមមានពន្ធរហូតដល់ ៥០% លើដែកថែបកាណាដា និង ២៥% លើរថយន្ត ដោយក្រុមអ្នកចរចានៃប្រទេសទាំងពីរ កំពុងពិភាក្សាអំពីលទ្ធភាពនៃការបន្ធូរបន្ថយពន្ធទាំងនេះ។

គួរឲ្យដឹងថាពន្ធលើទំនិញនាំចូលពីកាណាដា បានក្លាយជាបន្ទុកនយោបាយសម្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយបេក្ខជនមកពីគណបក្សសាធារណរដ្ឋនៅក្នុងរដ្ឋដែលមានព្រំដែនជាប់នឹងកាណាដា បានអំពាវនាវឱ្យបញ្ចប់សង្គ្រាមពាណិជ្ជកម្មជាមួយកាណាដាជាបន្ទាន់។

គួរជម្រាបជូនផងដែរថា បើតាមប្រភពមួយពីកាណាដាដែលបានដឹងអំពីកិច្ចចរចានេះ បាននិយាយថា កិច្ចព្រមព្រៀងស្តីពីការកាត់បន្ថយពន្ធលើដែកថែប និងរថយន្តរបស់កាណាដា អាចនឹងកើតឡើងនៅមុនការបោះឆ្នោត នៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ។ ទន្ទឹមនឹងនេះ ប្រភពពីសហរដ្ឋអាមេរិកបានលើកឡើងថា រដ្ឋបាលរបស់លោក ត្រាំ ចង់ឱ្យកាណាដាបង្ហាញពីការបេ្តជ្ញាចិត្តបន្ថែមទៀត មុនកិច្ចព្រមព្រៀងនេះអាចសម្រេចបានទាំងស្រុង៕​