អ្នកឧកញ៉ា វិញ ហួរ ប្រធានក្រុមប្រឹក្សាភិបាលសមាគមនឧស្សាហកម្មកសុីម៉ង់កម្ពុជា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលពិភាក្សាយ៉ាងយកចិត្តទុកដាក់ ដើម្បីដាក់ចេញវិធានការនានា ឆ្លើយតបចំពោះផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចសកល ក៏ដូចជាការហក់ឡើងថ្លៃប្រេងឥន្ធនៈ ដែលបណ្តាលមកពីសង្គ្រាមនៅមជ្ឈិមបូព៌ាជាដើម។

លោក ពុត ចន្តារិទ្ធ អគ្គលេខាធិការនៃសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំក្រុមប្រឹក្សាភិបាល បានពិភាក្សាលម្អិតអំពីស្ថានភាពបច្ចុប្បន្ន ដោយកត់សម្គាល់ឃើញថា វិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលជំរុញឱ្យតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ខ្សែច្រវាក់ផលិតកម្មស៊ីម៉ងត៍។ ទន្ទឹមនឹងនេះ ថ្លៃដើមនៃការដឹកជញ្ជូន ក៏បានកើនឡើងគួរឱ្យកត់សម្គាល់ ស្របពេលដែលតម្រូវការទីផ្សារមានការធ្លាក់ចុះ។
លោកអគ្គលេខាធិការ បានគូសបញ្ជាក់ថា បើទោះបីជាស្ថិតនៅក្នុងស្ថានភាពដែលសេដ្ឋកិច្ចសកលកំពុងធ្លាក់ចុះយ៉ាងណាក៏ដោយ ក៏បណ្តាក្រុមហ៊ុនផលិតស៊ីម៉ងត៍ក្នុងស្រុកទាំងអស់ ដែលជាសមាជិកនៃសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បានពិភាក្សា និងឯកភាពគ្នាជាធ្លុងមួយក្នុងការពង្រឹងលើការផលិតស៊ីម៉ងត៍ឱ្យកាន់តែរឹងមាំ។
ការប្តេជ្ញាចិត្តនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗរួមមាន៖ ១.ធានាស្ថិរភាពការងារ៖ រក្សាឱ្យបាននូវការងារ និងប្រាក់ចំណូលជូនដល់កម្មករ និយោជិតទាំងអស់ដែលកំពុងបម្រើការងារក្នុងវិស័យនេះ។ ២.រក្សាលំនឹងតម្លៃ និងបរិមាណ៖ ធានាការផ្គត់ផ្គង់ស៊ីម៉ងត៍ឱ្យបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារ ជាមួយនឹងតម្លៃសមរម្យ និងគុណភាពស្តង់ដារ។
សូមជម្រាបផងដែរថា បច្ចុប្បន្នឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា មានសមត្ថភាពផលិតស៊ីម៉ងត៍សរុបប្រមាណពី ១០ ទៅ ១២ លានតោនក្នុងមួយឆ្នាំ និងបានបង្កើតការងារជូនបុគ្គលិក-កម្មករសរុបជាង ២ ពាន់នាក់ ក្នុងនោះកម្លាំងពលកម្មខ្មែរមានរហូតដល់ ៩០%។ ឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បានបោះជំហានយ៉ាងខ្លាំងក្លាពីប្រទេសដែលធ្លាប់ពឹងផ្អែកលើការនាំចូលជិត ១០០% ទៅជាប្រទេសដែលមានលទ្ធភាពផលិត និងផ្គត់ផ្គង់ស៊ីម៉ងត៍បំពេញតម្រូវការក្នុងស្រុកបាន ១០០% ពេញលេញ៕







