ទូទាំងខេត្តបាត់ដំបង គ្រោះជំនន់ទឹកភ្លៀង ធ្វើឱ្យរងគ្រោះប៉ះពាល់ ១៤ក្រុង ស្រុក ស្មើនឹង ៨៨ឃុំ សង្កាត់ ដែលបណ្ដាលឱ្យផលប៉ះពាល់ដំណាំស្រូវសរុប ១២៣ ០៧២ហិកតា។នេះបើយោងតាមពិធីសំណេះសំណាល ចែកស្រូវពូជ និងស្បៀងជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា នៅទូទាំងខេត្តបាត់ដំបង គ្រោះជំនន់ទឹកភ្លៀង ធ្វើឱ្យរងគ្រោះប៉ះពាល់ ១៤ក្រុង ស្រុក ស្មើនឹង ៨៨ឃុំ សង្កាត់ ដែលបណ្ដាលឱ្យផលប៉ះពាល់ដំណាំស្រូវសរុប ១២៣ ០៧២ហិកតា។
សម្តេចធិបតីថា ក្នុងនោះមានស្រូវទុំ ១៥ ៦៣៨ហិកតា, ខូចខាតដាំណាំស្រូវ ៧៤ ៣៨៨ហិកតា, ដំណាំសាកវប្បកម្ម និងឧស្សាហកម្មផលសរុប ១៦ ៣៧៤ហិកតា, ខូចខាត ៨ ៦៨០ហិកតា និងមានគ្រួសារដែលរងផលប៉ះពាល់ សរុប ៥៨ ១០៣គ្រួសារ ខូចខាត ៣៥ ៧០៤គ្រួសារ៕

តាមរយៈកម្មពិធីខាងលើ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់បង្ហាញនូវការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល លើរាល់ការលំបាក និងការរងគ្រោះរបស់ប្រជាកសិករ ដោយមិនបានទុកឱ្យរំលងផុតដោយគ្មានការគិតគូរដោះស្រាយនោះឡើយ។ ជាស្ដែងការរៀបចំពិធីនាថ្ងៃនេះ មានប្រជាពលរដ្ឋចំនួន ១៥ ១៥៥គ្រួសារ ទទួលបានពូជស្រូវ និងពលរដ្ឋ ៣៤ ៧៨១គ្រួសារ ទទួលបានកញ្ចប់ស្បៀង និងពូជបន្លែផងដែរ៕ អត្ថបទ៖ហ្សាលីន


