ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា កម្ពុជាកំពុងប្រឈមមុខនឹងបន្ទុកពីរ លើដែនដីតែមួយ រវាងសំណល់យុទ្ធភណ្ឌគ្រឿងផ្ទុះចាស់ដែលសេសសល់ពីអតីតកាល និងការគំរាមកំហែងថ្មីដោយគ្រាប់បែកចង្កោមដែលបង្កឡើងដោយជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ កន្លងទៅ។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍លើវិស័យមីន (TWG-MA) នៅសណ្ឋាគារ Oakwood Premier Phnom Penh នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។


កិច្ចប្រជុំខាងលើត្រូវបានរៀបចំឡើងក្រោមមូលបទ «រួមគ្នាដោះស្រាយបញ្ហាយុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ពីអតីតកាល និងការគំរាមកំហែងថ្មីៗ៖ ការអំពាវនាវឱ្យមានសកម្មភាពជាសកល» ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ បណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ សហគមន៍ផ្តល់ជំនួយ ប្រតិបត្តិករសកម្មភាពមីន និងវិស័យឯកជន ដើម្បីស្វែងរកការគាំទ្រ និងដោះស្រាយបញ្ហាប្រឈមទាំងពីរទន្ទឹមគ្នាដោយមិនទុកបញ្ហាណាមួយចោលឡើយ។
ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានរំលេចថា ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ កម្ពុជាសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ដោយបានរំដោះផ្ទៃដីជាង ៣.៦០០ គីឡូម៉ែត្រក្រឡា ឱ្យរួចផុតពីការគំរាមកំហែងនៃគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងនោះផ្ទៃដីប្រមាណ ៧៥% ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋសម្រាប់ធ្វើកសិកម្ម។ យ៉ាងណាក្ដី ជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ បានបន្សល់នូវការគំរាមកំហែងថ្មីនៃគ្រាប់បែកចង្កោមនៅក្នុងខេត្តចំនួន ៧ ជាប់ព្រំដែន ដែលតាមលទ្ធផលអង្កេតបឋមបង្ហាញថា ផ្ទៃដីរងផលប៉ះពាល់ថ្មីនេះមានទំហំធំជាងផ្ទៃដីចាស់ដែលសេសសល់ពីសង្គ្រាមអតីតកាលទៅទៀត។
ដើម្បីដោះស្រាយវិបត្តិនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានដាក់ចេញនូវសំណើអាទិភាពចំនួន ៣ ជូនដល់ដៃគូពាក់ព័ន្ធ រួមមាន៖ ១. ពង្រឹងការអង្កេត និងវាយតម្លៃផលប៉ះពាល់ថ្មី ដោយកំណត់ទំហំ និងទីតាំងរងគ្រោះឱ្យបានច្បាស់លាស់ ព្រមទាំងបង្កើនយុទ្ធនាការអប់រំកាត់បន្ថយគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តជាប់ព្រំដែន។ ២. បន្តបោសសម្អាតផ្ទៃដីចាស់ ដោយបន្តគាំទ្រការបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមអតីតកាល ដែលនៅសេសសល់ប្រមាណ ១.៦៨៩ គីឡូម៉ែត្រក្រឡា។ ៣. ពង្រីកធនធានពីវិស័យឯកជនក្នុងស្រុក ដោយជំរុញការចូលរួមពីវិស័យឯកជន ដើម្បីពង្រឹងភាពជាម្ចាស់ និងចីរភាពនៃសកម្មភាពមីន ក្នុងការប្រែក្លាយដីរំដោះរួចឱ្យទៅជាដីមានសុវត្ថិភាពសម្រាប់កសិកម្ម សំណង់ និងការវិនិយោគ៕





