៩ខែ ឆ្នាំ២០២៦៖ មន្ត្រីជាង ៧ពាន់នាក់ ទទួលបានការបណ្តុះបណ្តាល និងពង្រឹងជំនាញ AI

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២៦ បណ្ឌិត្យសភានគរបាលកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលសរុបចំនួន ៦២វគ្គ ដោយបានបំប៉នសមត្ថភាពមន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងអ្នកសិក្សាគ្រប់កម្រិតបានចំនួន ៧.២៩៨នាក់ (ស្រី ១.៣០១នាក់) ព្រមទាំងបានអភិវឌ្ឍសមត្ថភាពឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ជូនថ្នាក់ដឹកនាំ និងមន្ត្រីបានជាង ៥០០នាក់ ដើម្បីពង្រឹងគុណភាពកងកម្លាំងការពារសន្តិសុខសង្គម។ នេះបើយោងតាមរបាយការណ៍ដែលបានផ្តល់ជូនក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ដដែលបានគូសបញ្ជាក់ថា ក្រៅពីការបណ្តុះបណ្តាលវិជ្ជាជីវៈកងកម្លាំង បណ្ឌិត្យសភាបានជំរុញការធ្វើបរិវត្តកម្មឌីជីថលយ៉ាងសកម្ម តាមរយៈការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបណ្ឌិត្យសភា ប្រព័ន្ធប្រឡងអនឡាញ កម្មវិធីតាមដានសុខភាព និងការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដល់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្ត្រីសរុប ៥៥៣នាក់។ ទន្ទឹមនឹងនេះ ស្ថាប័នបានបញ្ចប់ការសរសេរសៀវភៅគោលចំនួន ៥៦មុខវិជ្ជា និងពង្រឹងកិច្ចសហការជាមួយស្ថាប័នជាតិចំនួន ១៦ ព្រមទាំងដៃគូអន្តរជាតិចំនួន ១៦ ទៀតផង។

ផ្អែកលើលទ្ធផលការងារនេះ បណ្ឌិត្យសភានគរបាលកម្ពុជា ក្រោមការដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឯក មនោសែន បានប្តេជ្ញាបន្តជំរុញការធ្វើទំនើបកម្មស្ថាប័ន និងពង្រឹងគុណភាពអប់រំ សំដៅកសាងកងកម្លាំងនគរបាលជាតិឱ្យកាន់តែរឹងមាំ ប្រកបដោយវិជ្ជាជីវៈ សីលធម៌ និងបច្ចេកវិទ្យាទំនើប ដើម្បីបម្រើជាតិ និងប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕