អត្រាបញ្ឈប់ការងារនៅសិង្ហបុរី កើនឡើងដល់កម្រិតខ្ពស់បំផុតរយៈពេលជិត ៦ឆ្នាំចុងក្រោយ

អន្តរជាតិ

ចំនួនអ្នកត្រូវបានបញ្ឈប់ពីការងារនៅក្នុងប្រទេសសិង្ហបុរីបានកើនឡើងដល់កម្រិតខ្ពស់បំផុត គិតចាប់តាំងពីចុងឆ្នាំ២០២០ មក នៅក្នុងត្រីមាសទី ៣ នៃឆ្នាំ២០២៦ នេះ ដោយសារតែការរៀបចំរចនាសម្ព័ន្ធអាជីវកម្មឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងការងារបានបញ្ជាក់នៅក្នុងរបាយការណ៍ទីផ្សារការងារ កាលពីពេលថ្មីៗនេះថា ចំនួនអ្នកត្រូវបានបញ្ឈប់ពីការងារបានកើនឡើងដល់ ៤ ៨០០ នាក់នៅក្នុងត្រីមាសទី៣ នៃឆ្នាំនេះ បើធៀបនឹងចំនួន ៤ ៦២០ នាក់នៅក្នុងត្រីមាសទី២។

ទន្ទឹមនឹងនេះ ក្រសួងក៏បានកត់សម្គាល់ទៀតថា ការបញ្ឈប់បុគ្គលិកនៅតែមានកម្រិតខ្ពស់ នៅក្នុងវិស័យដែលផ្តោតលើទីផ្សារក្រៅប្រទេស។

គួរឲ្យដឹងថា តួលេខសម្រាប់រយៈពេលពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២៦ នេះ គឺជាកម្រិតខ្ពស់បំផុត គិតចាប់តាំងពីមានការបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំចំនួន ៥ ៦៤០ នាក់ ដែលបានកត់ត្រានៅក្នុងត្រីមាសទី៤ នៃឆ្នាំ ២០២០ មក ពោលគឺនៅក្នុងអំឡុងពេលមានជំងឺរាតត្បាតជំងឺកូវីដ-១៩។

ជម្រាបជូនថា ចំពោះអត្រាអ្នកអត់ការងារធ្វើសរុបនៅសិង្ហបុរីនៅតែរក្សាកម្រិតដដែលគឺ ២,០% នៅក្នុងខែកញ្ញា ឆ្នាំ២០២៦ ប៉ុន្តែអត្រាអ្នកអត់ការងារធ្វើក្នុងចំណោមអ្នកស្នាក់នៅអចិន្ត្រៃយ៍ និងពលរដ្ឋសិង្ហបុរី បានកើនឡើងបន្តិចដល់ ៣% និង ៣,១% រៀងគ្នា បើធៀបនឹង ២,៩% និង ៣% នៅក្នុងខែសីហា៕​