អូស្រ្តាលី បានបង្ហាញមោទនភាពក្នុងការគាំទ្រការច្នៃប្រឌិតថ្មីក្នុងវិស័យសុខាភិបាលនៅកម្ពុជា ដើម្បីចូលរួមចំណែកពង្រឹង និងអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជាឱ្យកាន់តែរីកចំរើនបន្ថែមទៀត។នេះបើយោងតាមការប្រកាសពីហ្វេសប៊ុករបស់ស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ផ្សាយចេញកាលពីចុងសប្តាហ៍។

ស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា អូស្រ្តាលី បានបង្ហាញមោទនភាពក្នុងការគាំទ្រការច្នៃប្រឌិតថ្មីក្នុងវិស័យសុខាភិបាលនៅកម្ពុជា ដោយបានសហការជាមួយដៃគូសំខាន់ៗរបស់យើង រួមមាន សាកលវិទ្យាល័យស៊ីដនី អង្គការ KHANA និងកម្មវិធីជាតិប្រយុទ្ធនឹងជំងឺរបេង ពិសេសស្ថានទូតបាន ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោង ត្បូងខ្មែរ។
ប្រភពដដែល បានដកស្រង់សម្តី របស់លោក យីប ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា លោកបានទៅកាន់ខេត្តស្វាយរៀង ដើម្បីប្រកាសដាក់ឱ្យដំណើរការគម្រោងត្បូងខ្មែរ ដែលជាដ៏សំខាន់នេះ នាំមកនូវវិធីសាស្ត្រថ្មីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង តាមរយៈការរួមបញ្ចូលការពិនិត្យសុខភាពប្រជាជនក្នុងទ្រង់ទ្រាយធំ ជាមួយនឹងការពិនិត្យរកបញ្ហាសុខភាពសំខាន់ៗផ្សេងទៀត ដូចជា ជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែម។

ស្ថានទូត បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ខេត្តស្វាយរៀងមានអត្រាជំងឺរបេងខ្ពស់ជាងគេនៅកម្ពុជា។ ដើម្បីឆ្លើយតបដោយផ្ទាល់ចំពោះបញ្ហានេះ អូស្ត្រាលី និងដៃគូរបស់យើង បាននាំយកម៉ាស៊ីនថតកាំរស្មីអ៊ិចទ្រូងចល័ត ការពិនិត្យរកជំងឺដោយប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងឧបករណ៍ធ្វើរោគវិនិច្ឆ័យរហ័សតាមរយៈម៉ូលេគុល ទៅកាន់សហគមន៍ និងកន្លែងធ្វើការផ្ទាល់។ សកម្មភាពនេះធានាថា ពលករចំណាកស្រុក និងប្រជាជនងាយរងគ្រោះ អាចទទួលបានការពិនិត្យ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលបានទាន់ពេលវេលា។
នេះគឺជាវិធីមួយទៀតដែលអូស្ត្រាលីកំពុងចូលរួមគាំទ្រដល់ការលើកកម្ពស់សុខភាព និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។នេះបើតាមការបញ្ជាក់បន្ថែមពីស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា៕អត្ថបទ៖ហ្សាលីន


