លេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៥ បានចុះពិនិត្យទីតាំងគម្រោងវិនិយោគ និងធុរកិច្ចចំនួន ៩ គម្រោង ខណៈដែលក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ បានចុះពិនិត្យទីតាំងគម្រោងវិនិយោគ និងធុរកិច្ចចំនួន ២២ គម្រោង ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ក្រោមវិសាលភាព «កម្មវិធីពិសេសជំរុញការវិនិយោគក្នងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ដែលបានបន្តអនុវត្តរហូតដល់ដំណាច់ឆ្នាំ ២០២៥។


នេះជាលើកទី ១៨ ដែលលេខាធិការដ្ឋានក្រុមការងារ និងរដ្ឋបាលខេត្តព្រះសីហនុ បានចុះពិនិត្យទីតាំងគម្រោង ដើម្បីពិនិត្យមើលស្ថានភាព និងវឌ្ឍនភាពអនុវត្តគម្រោង ក្នុងខេត្តព្រះសីហនុ សម្រាប់ជាមូលដ្ឋានក្នុងការពិនិត្យសម្រេចផ្តល់ «អត្ថប្រយោជន៍ពិសេស» និង ជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងខេត្ត ព្រមទាំងការបង្កើតការងារជូនប្រជាជន ។
សូមបញ្ជាក់ថា ការចុះពិនិត្យទីតាំងនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ដែលជាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ រួមមាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់, ក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងវានុវត្តន៍, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងទេសចរណ៍, ក្រសួងរ៉ែ និងថាមពល, រដ្ឋបាលខេត្តព្រះសីហនុ, អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, អគ្គិសនីកម្ពុជា, អគ្គនាយកដ្ឋានគោលនយោបាយ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ ។
ការចុះពិនិត្យនេះ គឺជាភារកិច្ចសំខាន់មួយ នៃសកម្មភាពស្នូលរបស់ក្រុមការងារ ដែលធ្វើឡើង ដោយមានការយកចិត្តទុកដាក់ និងកិច្ចសហការខ្ពស់ ក្នុងចំណោមក្រសួងស្ថាប័ន ក្នុងការផ្តល់សេវាថែទាំវិនិយោគ និង លើកកម្ពស់បរិយាកាសវិនិយោគ៕



