ទិវាសេរីភាពសារព័ត៌មាន ៣ឧសភា! ថ្នាក់ដឹកនាំកំពូល មន្ត្រីជាន់ខ្ពស់ និងអ្នកសារព័ត៌មាន មានសារសំខាន់ៗអ្វីខ្លះ?

សង្គម​និង​សេដ្ឋកិច្ច

ក្នុងថ្ងៃប្រារព្ធទិវាសារព័ត៌មានពិភពលោក ៣ឧសភា ខួបទី៣០ឆ្នាំ (៣ឧសភា ១៩៩៣-៣ឧសភា ២០២៣) ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសារលិខិតអបអរសាទរ និងផ្តល់នូវសារសំខាន់ៗ ដើម្បីពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន។ ក្រៅពីនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មន្ត្រីជាន់ខ្ពស់ និងអ្នកសារព័ត៌មានជាច្រើនទៀត ក៏បានបង្ហោះសារអបអរសារទរនៅលើបណ្តាញសង្គមរបស់ខ្លួនផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្ងៃនេះ ឧកញ៉ាញូស៍ សូមដកស្រង់សារសំខាន់ៗរបស់ថ្នាក់ដឹកនាំកំពូល មន្ត្រីជាន់ខ្ពស់ និងអ្នកសារព័ត៌មានមួយចំនួន ដូចខាងក្រោម៖

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឲ្យអ្នកសារព័ត៌មានគោរពក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួនឲ្យបានត្រឹមត្រូវ ក្នុងការរាយការណ៍ព័ត៌មាន រាប់ទំាងការរាយការណ៍ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលជាប្រវត្តិសាស្រ្តរបស់កម្ពុជា។

សម្តេចបញ្ជាក់ថា ទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ «ត្រូវមានការទទួលខុសត្រូវខ្ពស់ ក្នុងការចូលយកព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន ដោយរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយនៅតាមទីលានប្រកួត និងតាមទីតាំងផ្សេងៗ ដើម្បីឲ្យការរៀបចំការប្រកួតបានប្រព្រឹត្តិទៅដោយភាពរលូន គ្មានការរំខានដល់ការប្រកួត»។

ទន្ទឹមនឹងការអំពាវនាវ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជំហររបស់រាជរដ្ឋាភិបាលសារជាថ្មីថា គឺបន្តការប្ដេជ្ញាចិត្តក្នុងការគាំពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពខាងសារព័ត៌មាននៅកម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មានផងដែរ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលេីកឡេីងនៅថ្ងៃទិវាសេរីភាពសារព័ត៌មានលេីហ្វេសប៊ុករបស់ឯកឧត្តមថា៖ «ស្អប់ ឬស្រឡាញ់ រាជរដ្ឋាភិបាលនេះយ៉ាងណាក្ដី កុំភ្លេច ថាស៊ីហ្គេមទី៣២ នេះជាមោទកភាពជាតិខ្មែរទាំងមូល»។

ចំណែកឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបង្ហោះសារសូមអបអរសាទរទិវាសេរីភាពសារព័ត៌មាន ភ្ជាប់នឹងសារថា៖ «អនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ទំនើបកម្មស្ថាប័ន កសាងសមត្ថភាព
ផ្នែកជំនាញបច្ចេកទេស ការផលិត និងផ្សព្វផ្សាយព័ត៌មាន»។

ដោយឡែករដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តម ប៉ែន បូណា សរសេរក្នុងបណ្តាញសង្គមហ្វេសប៊ុនៅថ្ងៃនេះថា «ជារៀងរាល់ឆ្នាំ ជាពិសេសនៅថ្ងៃ៣ឧសភា គេតែងលឺរបាយការណ៍រិះគន់ស្ថានភាពសេរីភាពសារព័ត៌មានក្នុងប្រទេសនេះ ប្រទេសនោះ ជាពិសេសប្រទេសតូចតាច និងទន់ខ្សោយ។ ពាក្យដែលគេលឺញឹកញាប់បំផុតគឺ”សារព័ត៌មានឯករាជ្យ”»។

ឯកឧត្តមក៏បានចោទជាសំនួរថា តើអ្វីជាសារព័ត៌មានឯករាជ្យ? តើប្រទេសណាដែលមាន “សារព័ត៌មានឯករាជ្យ” ពិតប្រាកដសម្រាប់ធ្វើជាគំរូស្តង់ដា? ឯកឧត្តម ក៏បានភ្ជាប់នូវរូបត្លុក ដែលមានន័យរិះគន់សារព័ត៌មានលោកខាងលិចដែលជាមហាប្រទេសប្រជាធិបតេយ្យជឿនលឿនក្នុងលោក នឹងបានផ្តាំផ្ញើសូមបងប្អូនពិចារណាតាមការគួរ។

ចំណែកឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌កម្ពុជា បានបង្ហោះសារលើហ្វេសប៊ុកថា៖ «ខ្ញុំលើកទឹកចិត្តសារព័ត៌មាន បន្តប្រឹងអភិវឌ្ឍខ្លួនឱ្យខ្លាំង ឱ្យមានតម្លៃ នោះមិនពិបាកសុំគេ ហើយអ្នកអាចជំនះបានការរើសអើង និងការមើលងាយ»។

រីឯលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាវិញ ដែលកំពុងនៅក្រៅប្រទេសបានសរសេរសារលើបណ្តាញសង្គមហ្វេសប៊ុកថ្ងៃនេះដែរថា៖ «កិច្ចប្រជុំកំពូលនៅទីក្រុង Seoul ដែលមានមេដឹកនាំ និងតំណាងមកពី១៥៧ប្រទេសរួមទាំងអតីតរដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក Pompeo និងប្រធានសភា លោក Newton បានឱ្យតម្លៃខ្ពស់ដល់វិស័យសារព័ត៌មាន និងយកសារព័ត៌មានជាដៃគូដែលមិនអាចខ្វះបានដើម្បីសន្តិភាពពិភពលោក»។

ចំណែកឯលោកសាស្រ្តាចារ្យ មឿន ឈានណារិទ្ធ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថ្ងៃនេះដែថា៖ «សេរីភាពសារព័ត៌មាន គឺជាអភ័យឯកសិទ្ធិដ៏ថ្លៃថ្លាដែលគ្មានប្រទេសណាអាចអត់វាបាននោះឡើយ។ មហាត្មៈ គន្ធី រីករាយទីវាសេរីភាពសារព័ត៌មានពិភពលោក ៣ឧសភា!»។

ក្រៅពីនោះ អ្នកសារព័ត៌មានជាច្រើនទៀត ដែលកំពុងប្រកបអាជីពក្នុងវិជ្ជាជីវៈ ក៏បានបង្ហោះសារអបអរសារទរទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា នៅលើបណ្តាញសង្គមរបស់ខ្លួនផងដែរ។ អ្នកខ្លះលើកឡើងថា៖ «មិនមែនជា អ្នកកាសែតកីឡា តែខ្ញុំនឹងចូលរួមផ្សព្វផ្សាយ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ តាមលទ្ធភាពរបស់ខ្ញុំ»។ «អ្នកសារព័ត៌មានគ្មានទេឥទ្ធិពល តែមនុស្សនឹងពុលបើទទួលបាន និងជឿតាមពត៌មានខុស»។

អ្នកសារព័ត៌មានមួយចំនួនទៀត ក៏បង្ហាញពីមោទនភាពដែលអាចជួយសង្គមជាតិតាមរយៈវិស័យព័ត៌មាន និងបានចាត់ទុកគុណភាពព័ត៌មានគឺជាផ្នែកមួយដែលធ្វើឲ្យវិស័យព័ត៌មាន មានអំណាចពិតប្រាកដ។ ស្ថិតឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៣នេះ ស្របពេលនៃព្រឹត្តិការណ៍ប្រវត្តុិសាស្រ្ត៦៤ឆ្នាំដែលខ្មែររងចាំក្នុងភាពជាម្ចាស់ផ្ទះ កីឡាសុីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ អ្នកសារព័ត៌រឹតតែមានតួនាទីសំខាន់ និងពង្រឹងឆន្ទៈវិជ្ជាជីវៈឲ្យរឹងមាំផ្សព្បផ្សាយព័ត៌ពីកីឡាសុីហ្គេម ដែលមានវត្តមាននៅលើទឹកដីអច្ឆរិយៈ ឲ្យពិភពលោកបានស្គាល់ខ្មែរកាន់តែទូលំទូលាយ។

ទន្ទឹមនេះ អ្នកសារព័ត៌មានក៏គោរពដោយស្មោះស ចំពោះវីរភាពដ៏មោះមុតរបស់ចាស់ទុំ និងរៀមច្បងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ គ្រប់ជំនាន់ គ្រប់សម័យកាលដែលបានបន្សល់ទុកនូវចំណេះដឹងល្អៗប្រកបដោយវិជ្ជាជីវៈ ព្រមទាំងប្តេជ្ញាពង្រីក និងពង្រឹងស្មារតីទទួលខុស ចំពោះវិជ្ជាជីវៈព័ត៌មានរបស់ខ្លួនផងដែរ៕

អត្ថបទ៖ អក្ខរា