អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិតអបអរសាទរ ឧកញ៉ា ឡាយ ឈុនហួរ ដែលបានទទួលសំឡេងគាំទ្រពីសមាជិក សមាជិកា ផ្តល់ទំនុកចិត្តបោះឆ្នោតជ្រើសតាំងជា ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥ កាលថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥។

អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ព្រមទាំងប្រធានសភាពាណិជ្ជកម្មរាជធានី ខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកា ទាំងអស់ នៃសភាពាណិជ្ជកម្មកម្ពុជា ជឿជាក់ថា បទពិសោធន៍ និងឆន្ទៈដ៏មោះមុតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ ឧកញ៉ា នឹងដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា ឆ្ពោះទៅរកភាពជោគជ័យ និងសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនេះដែរ ក្នុងនាមអ្នកឧកញ៉ា ជាប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ារីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះកិច្ចសហប្រតិបត្តិការរវាង សភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការជំរុញវិស័យឯកជនឱ្យបោះជំហានទៅមុខកាន់តែរឹងមាំខ្លាំងក្លាបន្ថែមទៀត ព្រមទាំងជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។
សូមជម្រាបថា កាលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំនូវកម្មវិធីមហាសន្និបាតសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ និងការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥។ ក្នុងឱកាសនោះដែរ ឧកញ៉ា ឡាយ ឈុនហួរ ត្រូវបានទទួលសំឡេងគាំទ្រជាប់ជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥ ដោយទទួលបានសំឡេងចំនួន ១១៦ លើ ១១៧ សំឡេង៕




